ប្រទេសម៉ិកស៊ិក ៖ នៅដើមខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា មានមេអំបៅរាប់លានក្បាលបានមកទំនៅតាមដើមឈើនានាក្នុងដែនជម្រកសត្វព្រៃនៅប្រទេសម៉ិកស៊ិក ដោយសារពួកវាគេចពីអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក ។ ហេតុនេះ ប្រទេសម៉ិកស៊ិកបានក្លាយទៅជាជម្រកដ៏កក់ក្តៅរបស់មេអំបៅទាំងនេះ ។
ចំនួនមេអំបៅរាប់លានក្បាលបានធ្វើឱ្យភ្ញៀវទេសចរផ្សេងៗ ដែលមកកម្សាន្តនៅទីក្រុង Cerro Prieto ស្ថិតក្នុងរដ្ឋ Michoacan (ភាគកណ្តាលប្រទេសម៉ិកស៊ិក) សប្បាយរីករាយយ៉ាងខ្លាំង ដោយសារវាជាទិដ្ឋភាពមួយប្លែកភ្នែក និងស្រស់ស្អាតតាមបែបធម្មជាតិ ។ គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ហ្វូងមេអំបៅនឹងផ្លាស់ប្តូរជម្រករបស់ពួកវា ដោយធ្វើដំណើរក្នុងចម្ងាយផ្លូវរហូតដល់ជាង៣.០០០គីឡូម៉ែត្រពីភាគខាងកើតសហរដ្ឋអាមេរិក និងកាណាដា មករស់នៅតាមព្រៃជាច្រើនកន្លែងនៅភាគកណ្តាល និងខាងលិចប្រទេសម៉ិកស៊ិក ដើម្បីគេចពីអាកាសធាតុត្រជាក់ខ្លាំង ។
ទោះយ៉ាងណា ការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយលើកនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់មេអំបៅតូចៗ ។ រីឯអ្នកវិទ្យាសាស្ត្រយល់ឃើញថា ចំនួនមេអំបៅបានធ្លាក់ចុះជាបន្តបន្ទាប់ បើគិតចាប់តាំងពីដើមឆ្នាំ១៩៩០ មក ដោយសារការបម្រែបម្រួលអាកាសធាតុ និងការពង្រីកទីក្រុងកាន់តែច្រើន ។ បើតាមរបាយការណ៍របស់ភ្នាក់ងារអន្តរជាតិផ្នែកអភិរក្សធម្មជាតិបង្ហាញថា ចំនួនមេអំបៅទាំងនេះងាយរងគ្រោះថ្នាក់ និងជិតផុតពូជពីផែនដីហើយ ៕
ប្រភព ៖ TNN World










