លោក លាវ វេងហួរ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International ដែលថៃធ្វើជាម្ចាស់ផ្ទះ ខណៈមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់លោកបានសាងសមិទ្ធផលឈ្នះពានរង្វាន់ Best Swimsuit ។ លើសពីនេះនៅក្នុងបទសម្ភាសជាមួយពិធីករ វេងហួរ បានលើកឈ្មោះ វណ្ណដា និងលោកគ្រូ គង់ ណៃ ដោយបង្ហាញពីបទ Time To Rise ទៅកាន់ទស្សនិកជនផងដែរ។
ដ្បិតថាទើបទទួលជ័យលាភីក្នុងស្រុកមិនបានយូរហើយត្រូវមានបេសកម្មតំណាងប្រទេសចូលរួមប្រកួតឆាកអន្តរជាតិក្តីប៉ុន្តែលោក លាវ វេងហួរ មកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅសហរដ្ឋអាម៉េរិកពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេនូវសមត្ថភាពរូបរាងសង្ហារបស់លោកប្រកួតជាមួយបេក្ខភាពដទៃទៀតរហូតសាងលទ្ធផលល្អបាន១ទៅហើយមុនថ្ងៃផ្តាច់ព្រ័ត្រមកដល់។.png)
នៅក្នុងការប្រកួត Mister Friendship International លោក លាវ វេងហួរ បានឈ្មោះពានរង្វាន់ Best Swimsuit ជាមួយប្រាក់រង្វាន់២០,០០០បាត ក្រោមការចូលរួមអបអរសាទរពីអ្នកគាំទ្រកម្ពុជានិងបណ្តាបេក្ខភាពប្រទេសផ្សេងផងដែរ។ ជាអ្នកឈ្នះ Best Swimsuit ប្រចាំឆ្នាំ២០២៣ ក្នុងការប្រកួតនេះ វេងហួរ បានផ្តល់បទសម្ភាសជាមួយពិធីករដោយក្តីរំភើបចិត្តចំពោះជ័យជម្នះនេះ។ ក្នុងបទសម្ភាសនេះដែរ ពិធីករក្នុងកម្មវិធីបានសួរសំណួរនានា ក្នុងនោះក៏បានសួរម្ចាស់ជ័យលាភីឈ្នះ Best Swimsuit ថាប្រសិនជាមានជីវិតរស់នៅ១០០ឆ្នាំហើយគ្រប់ពេលអ្នកត្រូវស្តាប់តែស្តាប់បទចម្រៀងមួយបទទេតើ វេងហួរ នឹងស្តាប់បទអ្វី?។
ឆ្លើយដោយមិនស្ទាក់ស្ទើរបេក្ខភាពរូបនេះបាននិយាយថាគឺជាបទចម្រៀងរបស់ វណ្ណដាដែលជាតារាដ៏ល្បីប្រចាំប្រទេសកម្ពុជាទៅលើបទចម្រៀងមានចំណងជើងថា Time to rise ដែលមានព្រឹទ្ធាចារ្យ គង់ ណៃ ចូលរួមក្នុងបទចម្រៀងមួយនេះ។ គ្រាន់តែបង្ហើបថាជាតារាចម្រៀង វណ្ណដា និងបទ Time to rise ពិធីករក៏បង្ហាញថារូបគេបានស្គាល់តារាចម្រៀងរ៉េប វណ្ណដា និងបទចម្រៀងនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក លាវ វេងហួរ ក្នុងកម្មវិធី Mister Friendship International 2023 លោកបាននាំយកឈុតតំណាងជាតិមានឈ្មោះថា ស្តេចនាគ ទៅប្រកួត ដែលបញ្ជាក់ពីអាណាចក្រខ្មែរ គឺមានដើមកំណើតពីស្ដេចនាគតំណាងឱ្យព្រះមហាក្សត្រខ្មែរដែលមានភាពអង់អាចក្លាហាន។ នាគ គឺជាស្ដេចដែលមានអំណាច អាចរស់នៅក្នុងទឹក និងលើគោក តំណាងឱ្យធាតុទឹកសំបូររុងរឿង និងភាពត្រជាក់ត្រជុំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ធ្នូ ខាងមុខនេះ។
លោក លាវ វេងហួរ បានជាប់ជាម្ចាស់ជ័យលាភីក្នុងស្រុកកាលពីថ្ងៃទី២ ធ្នូ និងបានចេញទៅប្រកួតនៅប្រទេសថៃកាលពីថ្ងៃទី៥ ធ្នូ ។ លោកជាម្ចាស់ជ័យលាភីមកពីខេត្តកំពង់ធំ និងបានបញ្ចប់ការសិក្សានៅ សហរដ្ឋអាម៉េរិកហើយសព្វថ្ងៃមានអាជីពជាម៉ូដែល ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍បុរសឯករូបនេះក៏ជាអ្នកប្រដាល់និងជាគ្រូបង្ហាត់ប្រដាល់សកល ខណៈអ្នកគាំទ្ររំពឹងថាលោកនឹងទទួលជ័យជម្នះក្នុងការប្រកួតនៅប្រទេសថៃនេះផងដែរ៕










