ប្រទេសកូរ៉េ៖ មនុស្សយន្ត AI ដែលអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ នឹងត្រូវបានសាកល្បងនៅសាលាបឋមសិក្សា ក៏ដូចជាមធ្យមសិក្សាចំនួន ៥ ក្នុងទីក្រុងសេអ៊ូលចាប់ពីខែមីនា ឆ្នាំ ២០២៤ នេះតទៅ។
យោងតាមប្រភពព័ត៌មាន Asia News បានឱ្យដឹងថា មនុស្សយន្តដែលមានឈ្មោះថា Engkey ត្រូវបានរួមបញ្ចូលជាមួយបញ្ញាសិប្បនិម្មិត (AI) មានរូបរាងស្រដៀងនឹងមនុស្សយន្តបម្រើក្នុងភោជនីយដ្ឋាន ហើយអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ មនុស្សយន្តនេះដើរតួនាទីជាជំនួយការគ្រូបង្រៀនក្នុងថ្នាក់ គាំទ្រសិស្សឱ្យប្រសើរឡើងនូវចំណេះដឹង ជំនាញសន្ទនា និងការបញ្ចេញសំឡេងភាសាអង់គ្លេស។ សម្រាប់សិស្សដែលមានការលំបាក មនុស្សយន្តនឹងកំណត់កម្មវិធីតាមបំណង ដោយអនុញ្ញាតឱ្យសិស្សរៀនតាមល្បឿនយឺតៗរបស់ពួកគេផ្ទាល់។
មនុស្សយន្ត Engkey ក៏មានកម្មវិធីផ្ញើសារដោយប្រើជំនួយការនិម្មិតត្រូវបានផ្តល់ជូនសម្រាប់សិស្សដើម្បីអនុវត្តការទំនាក់ទំនងលើប្រធានបទនៃជម្រើសរបស់ពួកគេ។ បន្ទាប់ពីអនុវត្តស្ថានភាពដោយប្រើវាក្យសព្ទ និងរចនាសម្ព័ន្ធដែលពួកគេបានរៀន ជំនួយការនិម្មិតនឹងផ្តល់យោបល់លើសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់កុមារ។ ដូច្នេះមនុស្សយន្តកាន់តែច្រើននឹងត្រូវបញ្ជូនទៅសាលាផ្សេងទៀត ប្រសិនបើការសាកល្បងនេះត្រូវបានចាត់ទុកថាជោគជ័យ។
យោងតាមទីភ្នាក់ងារអប់រំទីក្រុងសេអ៊ូល ក៏បាននិយាយដែរថា ការប្រើប្រាស់មនុស្សយន្តដើម្បីបង្រៀនភាសាអង់គ្លេសដល់សិស្សវ័យក្មេងគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងមុខវិជ្ជានេះនៅក្នុងសាលារដ្ឋ។ សាស្ត្រាចារ្យ Kim Mun Sang នាយកមជ្ឈមណ្ឌលមនុស្សយន្តឆ្លាតវៃនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ រំពឹងថា មនុស្សយន្ត Engkey នឹងជួយផ្សព្វផ្សាយវិធីសាស្រ្តថ្មីៗដើម្បីបង្រៀនភាសាអង់គ្លេសដល់សិស្សនៅក្នុងប្រទេសកូរ៉េនេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជំនាញភាសាអង់គ្លេសរបស់ប្រទេសកូរ៉េខាងត្បូងទទួលបានពិន្ទុ ៥២៥/៨០០ ដោយស្ថិតក្នុងកម្រិតមធ្យម នឹងជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំនោមប្រទេសចំនួន ១១៣ ជុំវិញពិភពលោក នេះបើយោងតាមអង្គការអប់រំអន្តរជាតិ EF៕










