ប្រទេសជប៉ុន ៖ គេបានជ្រាបហើយថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាកំណើនមនុស្សចាស់នៅក្នុងប្រទេស ហើយជប៉ុនក៏ជាប្រទេសមួយដែលមានពលរដ្ឋអាយុវែងជាងគេនៅលើពិភពលោក ។ បច្ចុប្បន្ន ស្ត្រីជប៉ុនមានអាយុវែងជាងស្វាមីរបស់ខ្លួន ហើយធ្វើឱ្យចំនួនស្ត្រីវ័យចំណាស់ត្រូវរស់នៅតែម្នាក់ឯងកាន់តែច្រើន ។
វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនប្រជាជន និងសន្តិសុខសង្គមរបស់ជប៉ុនប៉ាន់ស្មានថា នៅឆ្នាំ២០៤០ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងស្មើរហូតដល់៧,៤% នៃចំនួនពលរដ្ឋជប៉ុនសរុប ហើយវាកើនឡើង២% ពីឆ្នាំ២០២០ ។ ក្រៅពីនេះ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅនឹងមានកំណើនកាន់តែខ្ពស់ រហូតដល់៨លាននាក់នៅឆ្នាំ២០៣០ ឬកើនឡើង១,៣លាននាក់ពីទសវត្សរ៍មុននេះ ។
តាមលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់របស់ Aya Abe ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tokyo Metropolitan University (TMU) ដែលជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេនៅប្រទេសជប៉ុនបង្ហាញថា ៣២% របស់ស្ត្រីមេម៉ាយដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រនៅឆ្នាំ២០១៨ ។ ចំណែកប្រាក់ចំណូលរបស់ស្ត្រីមេម៉ាយម្នាក់ៗ គឺតិចជាងពាក់កណ្តាល បើធៀបនឹងស្ត្រីមានអាយុដូចគ្នា ខណៈអត្រាភាពក្រីក្ររបស់បុរសពោះម៉ាយមានអាយុដូចគ្នា ស្មើនឹង២៣% ។
ចំពោះមូលហេតុបណ្តាលឱ្យស្ត្រីមេម៉ាយជប៉ុនធ្លាក់ខ្លួនក្រីក្រក្រោយពីស្វាមីស្លា.ប់ គឺមួយផ្នែកដោយសារបញ្ហាគម្លាតគ្នារវាងប្រាក់ឈ្នួលបុរស និងស្ត្រី ។ តាមទិន្នន័យចុងក្រោយនៅឆ្នាំ២០២២ បង្ហាញថា ប្រាក់ឈ្នួលអប្បបរមារបស់ស្ត្រីជប៉ុន គឺទាបជាងបុរស រហូតដល់២១,៣% ។
ចំនួនពលរដ្ឋវ័យចំណាស់នៅជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ខណៈកម្លាំងពលកម្មជាយុវជនធ្លាក់ចុះនោះ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ។ ដូច្នេះ វាជាបញ្ហាធំមួយដែលរដ្ឋាភិបាលជប៉ុនត្រូវតែស្វែងរកដំណោះស្រាយឱ្យបានឆាប់ ៕










