នៅថ្ងៃទី២៧ ខែវិច្ឆិកា Taylor Swift បានបញ្ចប់ការប្រគំតន្ត្រីឆ្នាំនេះនៅប្រទេសប្រេស៊ីលហើយនឹងបន្តដំណើរទេសចរណ៍នៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រគំតន្រ្តី Eras Tour បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៣ មានការប្រគំតន្រ្តីនៅក្នុងប្រទេសចំនួន ៦ រួមមានសហរដ្ឋអាម៉េរិក កាណាដា ម៉ិកស៊ិក អាហ្សង់ទីន និងប្រេស៊ីល ជាមួយនឹងការសម្តែង ៦០ Shows ដែលជាមធ្យមមានច្រើនជាងបីម៉ោងក្នុងមួយ Show។ ការប្រគំតន្រ្តីនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងធ្វើឡើងក្នុងប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី។
ទស្សនាវដ្ដី Forbes បាននិយាយថា ការប្រគំនេះរកចំណូលបានប្រហែល ១៤ លានដុល្លារក្នុងមួយយប់ ដោយអ្នកជំនាញប៉ាន់ប្រមាណថាប្រាក់ចំណូលរបស់ការប្រគំតន្រ្តីដំណើរទេសចរណ៍នេះអាចឈានដល់ជាង ៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថាតារាចម្រៀងរូបនេះជួយកន្លែងដែលនាងទៅប្រគំតន្រ្តីទាក់ទាញអ្នកទេសចរ រួមចំណែកក្នុងការបង្កើតប្រាក់ចំនួន ៥.៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិក។
នៅក្នុងខែតុលា Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយសារភាពជោគជ័យនៃ កម្មវិធី Eras Tour និងឈានដល់ ២.២ ពាន់លានដុល្លារបន្ទាប់ពីកម្មវិធីនៅអាម៉េរិកខាងជើងដែលរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាអត្រាខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី។
កត្តានេះហើយមានអ្នកជំនាញ និងសារព័ត៌មានជាច្រើនបានអត្ថាធិប្បាយថា Eras Tour “បានវាយលុក” ពិភពលោកដោយសារការវិនិយោគ និងយុទ្ធសាស្ត្របង្កើតរូបភាពដ៏ឆ្លាតវៃរបស់របស់ Taylor ហើយនាងជាអ្នកជំនួញដ៏មានទេពកោសល្យ។
យោងតាម variety eras tour review រៀបរាប់អំពីអាជីពទាំងមូលរបស់ Taylor ថាជាការវិនិយោគច្រើនបំផុត។ អ្នកចម្រៀងបានយកចិត្តទុកដាក់លើការរៀបចំជាច្រើនសូម្បី ឆាក ស្គ្រីន ក្បាច់រាំ ពន្លឺនិងសំឡេងត្រូវប្រកបដោយគុណភាពល្អ។ ជារៀងរាល់ពេលនៃការប្រគំតន្រ្តី តារាចម្រៀងរូបនេះ សម្តែងចម្រៀងប្រមាណ ៤៤បទ និងចម្រៀងពីរបទ ដែលមិនមានក្នុងបញ្ជី ដើម្បីបង្កើតការភ្ញាក់ផ្អើលជូនអ្នកគាំទ្រ។ លើសពីនេះ Taylor Swift បានលះបង់ខ្លួនឯងក្នុងការសម្តែងនីមួយៗ ដោយបង្ហាញពីជំនាញរាំ លេងឧបករណ៍តន្ត្រី និងការបញ្ចេញសំឡេងអស់ពីកម្លាំងកាយចិត្ត។
មិនត្រឹមតែផ្តោតលើសកម្មភាពនានាប៉ុណ្ណោះទេសូម្បីសំលៀកបំពាក់របស់តារាចម្រៀងរូបនេះក៏ត្រូវបានរចនាឡើងដើម្បីតំណាងឱ្យរចនាប័ទ្មនៃសម័យនីមួយៗ ពីម៉ាកល្បីៗដែលភាគច្រើនត្រូវចំណាយពេលជាង ៣០០ម៉ោងទៅលើសំលៀកបំពាក់របស់នាង។ មិនត្រឹមតែមានភាពស្រស់ស្អាតចំពោះខ្លួនឯងប៉ុណ្ណោះទេតែការរៀបចំទាំងមូលត្រូវធានាថាសំលៀកបំពាក់របស់នាង និងអ្នករាំ និងឆាកនឹងមានភាពចុះសម្រុងគ្នា។
លើសពីនេះ អ្នកជំនាញជាច្រើននិយាយថា ការផ្សព្វផ្សាយដ៏ឆ្លាតវៃ និងយុទ្ធសាស្ត្របង្កើតរូបភាពរបស់ Taylor ជួយដំណើរទេសចរណ៍ទាក់ទាញការចាប់អារម្មណ៍។ តារាចម្រៀងរូបនេះបានប្រើប្រាស់បណ្ដាញសង្គមយ៉ាងពេញលេញដើម្បីផ្សព្វផ្សាយដំណើរកម្សាន្ត ដោយបង្ហោះរូបភាព វីដេអូ និងកាលវិភាគដែលទាក់ទងគ្នា។ នាងក៏បានចេញខ្សែភាពយន្តមួយដើម្បីបង្កើនការយល់ដឹងអំពីដំណើរទេសចរណ៍របស់នាងដូចគ្នា។ យោងតាម Box Office បានឱ្យដឹង ថាភាពយន្តឯកសារ The Eras Tour រកចំណូលបានជិត ២៥០ លានដុល្លារ ដោយបំបែកកំណត់ត្រានៃការកក់សំបុត្ររបស់ខ្សែភាពយន្ត Spider-Man: No Way Home (2021) ខណៈ គម្រោងនេះចំណេញច្រើនជាងថវិកាផលិត១០ទៅ២០លានដុល្លារ។
អ្នកជំនាញផ្នែកតន្ត្រីមានប្រសាសន៍ថា “Taylor គឺជានាយកប្រតិបត្តិទីផ្សារឈានមុខគេក្នុងប្រវត្តិសាស្ត្រតន្ត្រី។ នាងដឹងយ៉ាងច្បាស់អំពីម៉ាកយីហោផ្ទាល់ខ្លួន” ។ ទំនាក់ទំនងជិតស្និទ្ធរវាង Taylor និងអ្នកគាំទ្ររបស់នាងបានជួយឱ្យ Eras Tour មានភាពល្បីល្បាញ។ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard បាននិយាយថា បទចម្រៀងរបស់តារាចម្រៀងរូបនេះ បង្កប់នូវមនោសញ្ចេតនា ស្នេហា មិត្តភ័ក្តិ និងទំនាក់ទំនងរបស់អ្នកស្តាប់ជាច្រើនជំនាន់។ អ្នកគាំទ្រជាច្រើនធំឡើងជាមួយនឹងទំនុកច្រៀងទាំងនោះ ហើយបាននាំកូនទៅចូលរួមការប្រគំតន្ត្រីរបស់តារាចម្រៀងរបស់ពួកគេ។
Taylor បានប្រាប់អ្នកគាំទ្រក្នុងការប្រគំតន្រ្តីថានាងបានសរសេរអំពីអ្វីដែលនាងបានឆ្លងកាត់ក្នុងជីវិត ហើយមានអារម្មណ៍រំជួលចិត្តណាស់។ នាងគិតថានាងជាមនុស្សតែម្នាក់គត់ដែលមានអារម្មណ៍បែបនេះរហូតដល់អ្នកទាំងអស់គ្នាច្រៀងបទចម្រៀង ហើយនាងមិនឯកាទៀតទេ”។ឆ្លើយតបនឹងក្តីស្រលាញ់របស់តារាចម្រៀងរូបនេះ រាល់រាត្រីនៃការប្រគំតន្ត្រីមានអ្នកគាំទ្រជាង ៧០,០០០ នាក់ស្រែកហ៊ោ និងទះដៃគាំទ្រ idol របស់ពួកគេ។
ទាំងអស់នេះហើយធ្វើឱ្យតារាចម្រៀងប៉ុបវ័យ៣៣ឆ្នាំរូបនេះជោគជ័យខ្លាំងដំណើរទេសចរណ៍របស់ខ្លួនហើយក៏ជាអ្នកសិល្បៈដ៏ពូកែម្នាក់មិនចាញ់គេក្នុងវិស័យចម្រៀងបច្ចុប្បន្ន៕










