សហរដ្ឋអាមេរិក៖ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Galanis អាយុ ៤២ឆ្នាំ រស់នៅក្នុងរដ្ឋ North Carolina ប្រទេសសហរដ្ឋអាមេរិក បានសម្រកទម្ងន់រហូតទៅដល់ ១០០ គីឡូក្រាមក្នុងមួយឆ្នាំដោយមិនមានការវះកាត់ ប្រើថ្នាំ ឬហាត់ប្រាណឡើយ។
យោងតាមប្រភពព័ត៌មាន News Week បានឱ្យដឹងថា កាលពីមុនលោក Gregory Galanis មានទម្ងន់ ១៩០ គីឡូក្រាមជាមួយនឹងកម្ពស់ ១.៨២ ម៉ែត្រ ដោយបច្ចុប្បន្នលោកមានទម្ងន់ត្រឹមតែ ៩០ គីឡូក្រាមប៉ុណ្ណោះ។ លោក Galanis បាននិយាយថា គាត់ចំណាយពេលត្រឹមតែមួយឆ្នាំ ដើម្បីសម្រកទម្ងន់ ដោយសារការផ្លាស់ប្តូររបបអាហាររបស់គាត់។
Galanis បានបន្តទៀតថា គាត់បានស្វែងយល់ពីរបៀបសម្រកទម្ងន់តាមបែបវិទ្យាសាស្ត្រ និងគណិតវិទ្យា ដោយពេលនោះគាត់មិនអាចហាត់ប្រាណបានទេព្រោះគាត់ធ្ងន់ខ្លួនពេក។ Galanis បានរៀនអំពីចំនួនកាឡូរីដែលគាត់ត្រូវការទទួលទានជារៀងរាល់ថ្ងៃដើម្បីសម្រកទម្ងន់ និងអត្រាមេតាបូលីសផ្ទាល់ខ្លួនរបស់គាត់តាមពេលវេលា ដោយដឹងថាអាហារណាដែលគាត់គួរញ៉ាំដើម្បីឱ្យឆ្អែតបានយូរ។ បុរសវ័យ ៤២ ឆ្នាំរូបនេះបានបន្ថែមទៀតថា គាត់ឈប់បរិភោគសាច់គោ សាច់ជ្រូក និងសាច់មាន់ទាំងអស់ ក៏ដូចជាឈប់ផឹកស្រាទាំងស្រុងផងដែរ ដោយប្តូរមកទទួលទានត្រីគ្មានខ្លាញ់ បន្លែបៃតង ផ្លែឈើ oatmeal cinnamon នឹងចៀសវាងទឹកជ្រលក់គ្រប់ប្រភេទ។
ក្នុងអំឡុងពេលដំណើរការសម្រកទម្ងន់លោក Galanis បានប្រើកម្មវិធី Healthline ដើម្បីគណនាអត្រាការរំលាយអាហាររបស់គាត់ដោយផ្អែកលើទម្ងន់ និងកម្រិតសកម្មភាពរបស់គាត់ជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍ថា ដើម្បីរក្សាការសម្រកទម្ងន់ប្រកបដោយនិរន្តរភាព យើងគួរតែររួមបញ្ចូលគ្នានៃអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ រួមទាំងការសម្រាកឱ្យបានគ្រប់គ្រាន់។ លើសពីនេះទៀត មនុស្សគួរតែកំណត់គោលដៅជាក់លាក់ និងជាក់ស្តែង ដូចជាការដើរ ១៥ នាទីក្នុងមួយថ្ងៃ បីដងក្នុងមួយសប្តាហ៍ និងតាមដានវឌ្ឍនភាព ដើម្បីទទួលបានសុខភាពល្អ ក៏ដូចជារាងកាយមាំមួនផងដែរ៕










