ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានីយវិទ្យុប្រចាំស្រុកឧត្តរថានី ប្រទេសថៃ បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋម្នាក់ថា ប្រទះឃើញព្រះសង្ឃ១អង្គសឹង (ដេក) នៅតាមផ្លូវដើរត្រង់បរិវេណផ្លូវបំបែកជា៥ នៅម្តុំសាលាក្រុងឧត្តរថានី ទើបបារម្ភថា អាចនឹងមានគ្រោះថ្នាក់ ដោយសារព្រះសង្ឃសឹង (ដេក) មិនកម្រើកសោះ ។ ក្រោយទទួលបានសេចក្តីរាយការណ៍នេះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យដល់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsHYCibFA0CdMT0Upu2RsKBiwK1NsVJ4yBWZu7tox4EyXGhfBK6mCdVH7AqggjPXWzmPRfIKYAAi-M1RxuKLp_qwKpA6eHku0Mvd1I3jaP5HCTXjlUpsQTWBD3kV9xt2fVw2XmxJV6UGIzRnkStd0jRMG-9QCFZQfBUxLoGkat5osmkmUv4CqkcYlXiw/s482/Screenshot%202023-11-10%20102510.png

នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ទីនោះ ក៏បានប្រទះឃើញព្រះសង្ឃអង្គនេះសឹង (ដេក) មិនកម្រើកនៅតាមផ្លូវថ្មើរជើង និងមានបាត្រលោក១ផងដែរនៅក្បែរនោះ ។ ពេលសមត្ថកិច្ច និងអ្នកសារព័ត៌មានដើរទៅពិនិត្យមើលជិតៗទើបដឹងថា ព្រះសង្ឃឆាន់ស្រា ដោយសារធុំក្លិនស្រាយ៉ាងខ្លាំង ។

ក្រោយមក កម្លាំងសមត្ថកិច្ចក៏ដាស់ព្រះសង្ឃឱ្យភ្ញាក់ដើម្បីសាកសួរ ប៉ុន្តែទោះជាដាស់យ៉ាងណា ក៏ព្រះសង្ឃពុំព្រមភ្ញាក់សោះ ។ ៥នាទីក្រោយមក ព្រះសង្ឃក៏កម្រើកខ្លួនបន្តិចដូចជាចង់ភ្ញាក់ ប៉ុន្តែក៏សឹងលក់ (ដេក) បន្តទៀត ។ ពេលនោះ សមត្ថកិច្ចក៏ព្យាយាមដាស់ម្តងទៀត ប៉ុន្តែព្រះសង្ឃនៅតែមិនភ្ញាក់ដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXIT_BUwyyKINKJ9_CyaO6ck-Xe7GXqCXSDENhk4nZEOsesKq5e341yijOARBacanvlu5IEUIx7WENsecu5a9NcqghqWIqKET_knMcNnsL_gzjqGWtdG2devEjhTY52YQEjCMdalE8uDd5YhS4H4ZIaSlAsInPj_sB_bUrBtVU9ZGlJXlnUahtPDsqKPs/s474/Screenshot%202023-11-10%20102544.png

សមត្ថកិច្ចគិតថា បើទុកឱ្យព្រះសង្ឃសឹង (ដេក) នៅតាមផ្លូវដើរបែបនេះបន្តទៀត វាមិនល្អទេ ក្នុងក្រសែភ្នែកពលរដ្ឋធ្វើដំណើរទៅមក ។ ដូច្នេះ សមត្ថកិច្ចចំនួន៤រូបក៏សម្រេចចិត្តនាំគ្នាសែងព្រះសង្ឃដាក់លើរថយន្តបញ្ជូនទៅប៉ុស្តិ៍ដើម្បីឱ្យស្វាងស្រវឹង មុននឹងសាកសួរថា ជាព្រះសង្ឃពិតប្រាកដ ឬក្លែងក្លាយ ។ បើជាព្រះសង្ឃពិតប្រាកដ សមត្ថកិច្ចនឹងបញ្ជូនទៅវត្ត ព្រមទាំងឱ្យសឹក ។

ពលរដ្ឋលើកឡើងថា កាលពីពេលកន្លងទៅថ្មីៗនេះ មានព្រះសង្ឃ១អង្គស្រវឹងស្រាហើយសឹង (ដេក) នៅក្បែរហាងលក់ទំនិញកណ្តាលស្រុកឧត្តរថានី ប៉ុន្តែពួកគេមិនប្រាកដចិត្តថា ជាព្រះសង្ឃដដែលនេះ ឬព្រះសង្ឃផ្សេងទៀត ។ រីឯពលរដ្ឋខ្លះទៀតនិយាយថា នេះជាព្រះសង្ឃពិតប្រាកដ មិនមែនជាព្រះសង្ឃ AI ទេ ដោយសារព្រះអង្គឆាន់ស្រាជ្រុល ទើបសឹង (ដេក) នៅតាមផ្លូវបែបនេះ ហើយរំខានដល់សមត្ថកិច្ច ៕ ប្រភព ៖ 3Plus News