ប្រិយមិត្តមួយចំនួនបានដឹងមកហើយថាតារាម៉ូដែល មាលា ត្រូវបានក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ផ្ញើសារមកនាងក្នុងបំណងឱ្យរាំបទរបស់តារាចម្រៀងរូបនេះដោយផ្នូរនឹងការចែករំលែកគណនីរបស់នាង។ បន្ទាប់ពីទទួលបានការស្នើបែបនេះ មាលា បានបង្ហោះវីដេអូ Trend បទ «Mi Chico» ហើយរឹតតែពិសេសគឺមានការចូលរួមពីតារាចម្រៀង មន្រ្តីយ៍ ឯក។

នៅថ្ងៃទី២៤ ខែសីហា មាលា បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការរាំបទ «Mi Chico» របស់តារាចម្រៀង Jason Derulo សហការជាមួយ DJ Goja និង Melody។ នៅក្នុងវីដេអូនេះតារាចម្រៀង មន្រ្តីយ៍ ឯក ម្ចាស់បទ «ពិសី» ក៏បានចូលរួមជាមួយនឹង មាលា ។ ស្ថិតក្នុងសំលៀកបំពាក់សម័យថ្មីតារាម៉ូដែល មាលា បានផ្សារភ្ជាប់ ក្រម៉ា ទៅនឹងចង្កេះរបស់នាងផងដែរ។
.png)
វីដេអូមួយនេះគឺជាការឆ្លើយតបទៅនឹងការអញ្ជើញពីក្រុមការងាររបស់ Jason Derulo មកកាន់ មាលា នាពេលប៉ុន្មានថ្ងៃមុននេះ។ កាលពីថ្ងៃទី១៩ ខែសីហា មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងហើយស្ទើរតែមិនចង់ជឿនៅពេលឃើញគណនី អ៊ីនស្រ្តាក្រាមរបស់ Jason ផ្ញើសារមកនាង។
ក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ « Swalla» បានទាក់ទងមកមាលាស្នើឱ្យរាំវីដេអូដោយប្រើក្បាច់រាំនិងសំឡេងថ្មីនៃបទ «Mi Chico» របស់ Jason នៅលើ Instagram/TikTok ដោយផ្នូរនឹងចែករំលែកបន្តវីដេអូរបស់នាងនៅលើបណ្តាញសង្គមរបស់តារាចម្រៀងរូបនេះដែលមានអ្នកតាមដានរាប់លាននាក់។
គួរឱ្យដឹងថា Jason Derulo គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នករាំជនជាតិអាម៉េរិក។ លោកល្បីតាមរយៈបទ «Whatcha Say» ក្នុងឆ្នាំ ២០០៩ និងបទល្បីៗផ្សេងទៀតរួមមាន «Talk Dirty», «Wiggle», «Want to Want Me», «Swalla» និង «Savage Love» ជាដើម៕










