ប្រទេសចិន ៖ សារព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងជជែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ករណីអាណាព្យាបាលសិស្សចេញមកតវ៉ា ព្រមទាំងសួរទៅកាន់គ្រូនៅសាលាបឋមសិក្សាថា តើធ្វើបែបនេះដើម្បីអ្វី ? អាណាព្យាបាលរូបនេះលើកឡើងថា គ្រូបានដាក់កិច្ចការផ្ទះឱ្យកូនប្រុសខ្លួនធ្វើ គឺរាប់គ្រាប់អង្ករចំនួន១ម៉ឺនគ្រាប់ ។ គាត់យល់ឃើញថា គ្រូមិនគួរដាក់កិច្ចការផ្ទះបែបនេះឱ្យកូនគាត់ធ្វើទេ ហើយវាបានធ្វើឱ្យសមាជិកគ្រួសារទាំងអស់អត់បានសម្រាក ។

យោងតាមសារព័ត៌មានចិនឱ្យដឹងថា មានគ្រួសារជនជាតិចិនរស់នៅនៅខេត្ត Liaoning បានសួរសំណួរអំពីវិជ្ជាជីវៈគ្រូបង្រៀន, វិធីសាស្ត្របង្រៀនមិនល្អរបស់គ្រូ និងការដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើហួសហេតុពេក ។ គ្រូរូបនេះបានដាក់កំណត់ឱ្យកូនសិស្សរាប់គ្រាប់អង្ករចំនួន១ម៉ឺនគ្រាប់ ហើយសមាជិកក្នុងគ្រួសារទាំងអស់ ក៏បានជួយគ្នាអង្គុយរាប់គ្រាប់អង្កររហូតទាល់តែគ្រប់ចំនួន គឺពួកគេចំណាយពេលដល់ហួសពាក់កណ្តាលអធ្រាត្រ ។ អាណាព្យាបាលសិស្សលើកឡើងថា កិច្ចការផ្ទះនេះបានធ្វើឱ្យប៉ះពាល់ដល់ការសម្រាករបស់កុមារ និងឪពុក-ម្តាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDXht2clh2CClQL8GMBBHxWZlEkyUnykDUDrI2hoC8aKGgkvkTg9u57Pd3HTsxOmmHm5M4Skt1f40lfzrp4bMBVWby_tJBpPLXyqiPw88mHIjMJNOX-X57gNtsLIdWw_ZC1MmrdDyU1E4bi3xf2TpLiGbQ3N7ryM-oSc00oUiMGQKx-rpo8ZgvxhSaj2U/s1200/photo_2023-11-09_10-47-06.jpg

ហេតុនេះ ឪពុក-ម្តាយសិស្សមានភាពមិនពេញចិត្តយ៉ាងខ្លាំង និងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅគណៈកម្មការសាលារៀនភ្លាមៗពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀនរបស់គ្រូ ។ លើសពីនេះ ពួកគេក៏បានសង្ស័យអំពីសមត្ថភាពការបង្រៀនរបស់គ្រូទៀតផង ។

ទោះយ៉ាងណា គ្រូដែលបានដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើនោះ បានពន្យល់ប្រាប់អាណាព្យាបាលសិស្សដោយចិត្តត្រជាក់ថា ៖ «ការពិត កិច្ចការផ្ទះនេះ គ្រូមិនបានតាំងចិត្តឱ្យសិស្សរាប់គ្រាប់អង្កររហូតដល់១ម៉ឺនគ្រាប់ទេ តែគ្រូចង់ឱ្យក្មេងៗ និងអាណាព្យាបាលស្វែងរកវិធីផ្សេងដែលងាយជាង ។ ដូច្នេះ វានឹងជួយបង្កើនទំនាក់ទំនងរវាងឪពុក-ម្តាយ និងកូនផងដែរ ។ ជាមួយគ្នានេះ វានឹងបង្កើនសមត្ថភាពការគិត និងគំនិតច្នៃប្រឌិតរបស់កុមារ នៅពេលពួកគេជួបប្រទះស្ថានការណ៍លំបាក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6lIAlSfchCuVhSwcWRENQkwVNsanAmTAiDAU-bIck2_UBMPE97KA53wMYtdpNzGJLftKohC367RzQ_h52VY0NRUc_vyVVFvB4sQ2icNLTzQpPTcYejq8zXjDInuYNmkChRapdYI2CqrEA7a8ILgJS5GO_WKoc2qbqdwCr5GKv9OQAlY2TRc4PVbTT5Tg/s696/photo_2023-11-09_10-47-06%20(3).jpg

គ្រូរូបនេះបន្តថា គោលបំណងចម្បង គឺចង់ឱ្យកុមារប្រើប្រាស់គំនិត, អភិវឌ្ឍន៍សមត្ថភាពការគិត វិភាគ ព្រមទាំងជួយឱ្យកុមារអាចកាត់បន្ថយពីការដាក់សម្ពាធក្នុងការសិក្សានៅពេលថ្ងៃ និងពេលយប់ ។ ហេតុនេះ នៅពេលបានឮការបកស្រាយហើយ អាណាព្យាបាលក៏យល់ស្រប ប៉ុន្តែនិយាយថា គ្រូមិនបានជូនដំណឹងឱ្យពួកគេដឹងជាមុនអំពីវិធីបង្រៀនបែបនេះទេ ទើបមានការភ័ន្តច្រឡំ ។

ក្រោយពីរឿងរ៉ាវនេះបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់បញ្ចេញមតិ ក្នុងនោះមនុស្សមួយចំនួនបានគាំទ្រវិធីសាស្ត្របង្រៀនបែបថ្មីនេះ ដើម្បីជួយឱ្យកុមារអាចរៀនសូត្រ និងហ្វឹកហាត់ជំនាញផ្សេងៗ ជាជាងផ្តោតតែលើការអានទ្រឹស្តីក្នុងសៀវភៅតែម្យ៉ាង ។ ប៉ុន្តែមនុស្សខ្លះទៀតយល់ឃើញថា ការដាក់កិច្ចការផ្ទះបែបនេះ ខាងសាលារៀនចាំបាច់ត្រូវជម្រាបអាណាព្យាបាលឱ្យបានជ្រាបជាមុន ទើបពួកគេមិនលើកឡើងថា ការបង្រៀនរបស់គ្រូមិនល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5IJnQZBtbkFZNdmsrkel-8e84a2tOewipvTs1cMUw1K4zkbNFyzb6k_0hFkpHFNMh9echbfE9fGqtqfgZ2nHM2Bhc2DHQAmFVeV1pdFAnDBoGwh0NnPHf9osRZfa8uD2HIo2cEKYa1hwFNkpWe5SDfGZ0RjxC1lQdYsq7aMduLdpMD28CSdfc_qb2iE/s696/photo_2023-11-09_10-47-06%20(2).jpg ប្រភព ៖ khaosod