យោងតាមគេហទំព័រ Matador Network ដែលមានឯកទេសក្នុងការណែនាំទិសដៅ និងកាលវិភាគប្រឹក្សាយោបល់នៅតាមគោលដៅទេសចរណ៍ជុំវិញពិភពលោក បានរាយបញ្ជីផ្លូវល្បីៗចំនួន ៥ ដែលជាផ្លូវដើរមានទេសភាពស្រស់ស្អាតបំផុត និងជាកន្លែងមានផាសុកភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យមកទស្សនាផងដែរ។ ដូច្នេះ ផ្លូវដើរដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង ៥ នោះរួមមាន៖
១. Buchanan Street៖ Buchanan គឺជាផ្លូវដើរដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងGlasgow ប្រទេសស្កុតឡែនក្នុងឆ្នាំ ២០០៣ ហើយត្រូវបានទទួលស្គាល់រហូតមកដល់បច្ចុប្បន្ន។ ទីតាំងនេះត្រូវបានតម្រង់ជួរជាមួយអគារពាណិជ្ជកម្ម Victorian និង Edwardian ហើយត្រូវបានចាត់ទុកថាជាផ្លូវដែលត្រូវបានថែរក្សាល្អបំផុតក្នុងប្រទេសស្កុតឡែនសម្រាប់ស្ថាបត្យកម្មសតវត្សទី ១៩ របស់វា។
២.Rue Mouffetard Street៖ Rue Mouffetard មានទីតាំងនៅចំកណ្តាលនៃ Latin Quarter ទីក្រុងប៉ារីស ដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្តរស់នៅរបស់ប្រទេសបារាំង។ ផ្លូវនេះមានអាយុកាលតាំងពីសតវត្សទី ១២ ដែលជាសំណល់នៃផ្លូវរ៉ូម៉ាំងបុរាណ ហើយសព្វថ្ងៃនេះនៅតែមានដានច្បាស់លាស់នៃស្ថាបត្យកម្មមជ្ឈិមសម័យ។ ផ្លូវដើរ Rue Mouffetard មានផ្សារតូចៗជាច្រើន និងភោជនីយដ្ឋាននៅតាមដងផ្លូវដែលមានឥដ្ឋជាសញ្ញាសម្គាល់នៃម្ហូបប៉ារីស ក៏ដូចជាមានហាងចម្រុះពណ៌ដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុងប៉ារីសផងដែរ។
៣. Qianmen Street៖ Qianmen គឺជាផ្លូវដើរដ៏ល្បីល្បាញមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលមានអាយុកាលជាង ៥៧០ឆ្នាំ ដោយដំបូង ផ្លូវនេះត្រូវបានគេហៅថា Zhengyangmen ក្នុងអំឡុងរាជវង្ស Ming និង Qing ប៉ុន្តែត្រូវបានប្តូរឈ្មោះនៅឆ្នាំ ១៩៦៥។ ក្នុងអំឡុងរាជវង្ស Qing ផ្លូវ Qianmen មានហាងជាច្រើនដែលលក់សាច់ ក្រណាត់ និងគ្រឿងអលង្ការ រួមទាំងមានរោងជាងសិប្បកម្ម ឃ្លាំង និងរោងមហោស្រពជាច្រើននៅជាប់ផ្លូវធំ។ បច្ចុប្បន្ននេះផ្លូវដើរ Qianmen ជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីមួយដែលមានម្ហូបអាហារសម្បូរបែប និងជាកន្លែងពេញនិយមមួយសម្រាប់អង្គុយផឹកតែ Lao She។
៤. Third Street Promenade៖ Third Street Promenade មានទីតាំងនៅ Los Angeles សហរដ្ឋអាមេរិក។ ផ្លូវនេះមានរចនាប័ទ្មរដ្ឋកាលីហ្វ័រញ៉ាបុរាណ និងតំណាងឱ្យទីក្រុង Los Angeles ដ៏មានតម្លៃបំផុត នឹងបានក្លាយជាផ្លូវដើរដ៏ស្រស់ស្អាតតាំងពីឆ្នាំ ១៩៦០ មកម្លេះ។
៥. Stroget Street៖ ផ្លូវថ្មើរជើងវែងបំផុតមួយក្នុងពិភពលោក Stroget លាតសន្ធឹងប្រវែង ១.២ គីឡូម៉ែត្រ កាត់កណ្តាលទីក្រុង Copenhagen ។ ផ្លូវនេះត្រូវបានបិទសម្រាប់យានជំនិះតាំងពីឆ្នាំ ១៩៦២ រហូតមកដល់បច្ចុប្បន្ន Stroget ត្រូវបានគេស្គាល់ថាជាផ្លូវដើរសម្រាប់ទិញឥវ៉ាន់ដ៏ពេញនិយមរបស់អ្នកទេសចរ និងអ្នកក្នុងស្រុក។ ផ្លូវនេះក៏ប្រសព្វជាមួយទីក្រុងចាស់របស់ទីក្រុង Copenhagen ដែលធ្វើឱ្យវាក្លាយជាផ្លូវដ៏សំខាន់បំផុត មមាញឹក និងមានមនុស្សច្រើនបំផុតរបស់ទីក្រុង៕










