បរទេស៖ ក្លឹប Barcelona របស់ប្រទេសអេស្ប៉ាញបានចាប់ផ្តើមលក់ត្បូងពេជ្រដែលផលិតចេញពីស្មៅនៃទីលានបាល់ទាត់ចាស់នៅ Camp Nou ដើម្បីបន្ធូរបន្ថយកង្វល់ផ្នែកហិរញ្ញវត្ថុ។
យោងតាមគេហទំព័រ All Football ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ក្លឹបបាល់ទាត់ Barcelona កំពុងបន្តខិតខំប្រឹងប្រែងដើម្បីរកប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយនឹងការផលិតត្បូងពេជ្រសម្រាប់លក់ជូនអ្នកគាំទ្ររបស់ខ្លួនទុកជាវត្ថុអនុស្សាវរីយ៍។
ក្នុងនោះ ពេជ្រកន្លះការ៉ាត់មានតម្លៃប្រហែល ២,៧០០ ដុល្លារ និងធំជាងនេះមានតម្លៃរហូតដល់ ១៦,០០០ ដុល្លារអាមេរិក ដែលពេជ្រនីមួយៗនឹងភ្ជាប់មកនូវវិញ្ញាបនបត្រពីវិទ្យាស្ថានត្បូងមរកតអន្តរជាតិ ដោយធានាថាត្បូងពេជ្រគឺលូតលាស់ក្នុងមន្ទីរពិសោធន៍ ក៏ដូចជារាយបញ្ជីលក្ខណៈរបស់គ្រឿងអលង្ការ និងមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ដែលកន្លងមក ក្លឹបបាល់ទាត់នេះក៏មានលក់វត្ថុផ្សេងៗពីកីឡដ្ឋានរបស់ខ្លួនសម្រាប់អ្នកគាំទ្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្លឹប Barcelona បានព្យាករណ៍ថាលទ្ធភាពទទួលបានប្រាក់ និងឥណទាន រួមទាំងប្រាក់ចំណេញសម្រាប់រដូវកាលនេះនៅមានកម្រិតទាបនៅឡើយ ដោយពួកគេបន្តព្យាយាម និងកាត់បន្ថយការចំណាយ ក៏ដូចជាការសងប្រាក់ដែលពួកគេបានបាត់បង់ក្នុងអំឡុងពេលជំងឺរាតត្បាត Covid 19។ យោងតាមក្លឹប Barcelona ក៏បានឱ្យដឹងទៀតថា គម្រោងចុងក្រោយរបស់ពួកគេគឺបំប្លែងទីលានបាល់ទាត់ចាស់ទៅជាអណ្តូងរ៉ែពេជ្រ។
គួរបញ្ជាក់ដែរថា Barcelona គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ ដោយជាទូទៅត្រូវបានគេហៅថា Barca។ កាលពីឆ្នាំ ២០២០ ក្លឹបនេះបានចំណាយប្រាក់យ៉ាងច្រើនដោយសារតែជំងឺរាតត្បាត Covid 19 ហេតុនេះហើយ ទើបក្លឹបនេះបានចាប់ផ្តើមផលិតត្បូងពេជ្រ និងលក់វត្ថុផ្សេងៗ ដើម្បីបន្ធូរបន្ថយកង្វល់ផ្នែកហិរញ្ញវត្ថុ៕