សង្គ្រាមពាក្យសម្តីរវាងអ្នកកំប្លែងនិងពិធិករគុនខ្មែរបានចាប់ផ្តើមផ្ទុះកក្រើកក្រោយពីគូមិត្តភាពអន្តរជាតិ កីឡាករ ព្រំ សំណាង និង កីឡាករ ដាវ លីឌុច ទទួលបានលទ្ធផលស្នើគ្នា។ សង្រ្គាមនេះបានចាប់ផ្តើមក្រោយពីតារាកំប្លែងល្បីឈ្មោះ ពាក់មី បង្ហោះសារទៅកាន់កីឡាករ ព្រំ សំណាង ចំណែកឯពិធីករ Ricky Sun វិញបានបោះសម្តីថា លេងតែកំប្លែងទៅ ព្រោះមិនដែលឃើញជួយអីគុនខ្មែរផង។
ជុំវិញការប្រកួតលើវិញ្ញាសារម៉ាសហ្វៃ១ទឹកចំនួន៩នាទីរវាងកីឡាករ ព្រំ សំណាង តំណាងឱ្យកម្ពុជា និង កីឡាករ ដាវ លីឌុច តំណាងឱ្យភូមា(មីយ៉ាន់មា) បានបញ្ចប់ទៅដោយស្នើគ្នាធ្វើឱ្យសាធារណជនមួយចំនួនបានបញ្ចេញមតិព្រោងព្រាតទៅលើកីឡាករ ព្រំ សំណាង។
ក្នុងនោះដែរ គេសង្កេតឃើញថាលោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ក៏បានបញ្ចេញមតិដូចគ្នាដោយតារាកំប្លែងរូបនេះបាននិយាយថា «ខំចាំមើល ព្រុំ សំណាង វ៉ៃ អត់វ៉ៃសោះ ទាត់ជើងគេតិចតិច គេចរហូត ? ? ឯណាក្បាច់គុណបុរាណខ្មែរ ? ម៉េចមិនបញ្ចេញ ?»។ ពាក្យពេចន៍របស់តារាកំប្លែងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ដោយមានការចែករំលែកបន្តរាប់ពាន់នាក់។
ជាមួយខ្លឹមសារនេះពិធីករនៅក្នុងការប្រកួតសេនាគុនខ្មែរពិភពលោកគូមិត្តភាពអន្តរជាតិលោក Ricky Sun បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនដែរថា «លេងតែកំប្លែងទៅ ព្រោះមិនដែលឃើញជួយអីគុនខ្មែរផង»។
ការលើកឡើងរបស់ពិធីករខាងលើនេះ តារាកំប្លែងនាយ ពាក់មី បានឆ្លើយតបវិញថា «លេងកំប្លែង អត់ឱ្យមើលប្រដាល់ទេអី? មើលហើយ ឃើញអត់វ៉ៃ ថាអត់វ៉ៃ និយាយតាមមើលឃើញតើ ខ្ញុំលេងកំប្លែងមិនកើត មិនល្អ ក៏បងប្អូនរិះគន់ដែរ ! ហើយទាល់តែខ្ញុំជួយគុនខ្មែរ ទើបមានសិទ្ធិនិយាយបានមែន?»។
គួរបញ្ជាក់ថាការប្រកួតសេនាគុនខ្មែរពិភពលោកគូមិត្តភាពអន្តរជាតិចំនួន៦គូកីឡាករកម្ពុជា ឈ្នះ៥គូដោយ ១គូស្មើគ្នាគឺគូគូ ព្រំ សំណាង និង ដាវ លីឌុច ដែលប្រើលក្ខខណ្ឌ Masfight ៕