បន្ទាប់ពីបញ្ចប់ការប្រកួតសេនាគុនខ្មែរពិភពលោករវាងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករភូមា ដាវ លីឌុច ទទួលលទ្ធផលស្មើគ្នាឃើញថាសន្ទុះនៃការបញ្ចេញមតិសាធារណជនលើបណ្តាញសង្គមមានទាំងវិជ្ជមាននិងអវិជ្ជមានទៅលើកីឡាករ ព្រំ សំណាង។ ចំណែកឯអ្នកសិល្បៈជាច្រើនរូបក៏បានបញ្ចេញមតិរបស់ខ្លួនផងដែរទាក់ទងនឹងការប្រកួតគូឯកមួយគូនេះ។
នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីប្រកួត សេនាគុនខ្មែរពិភពលោកគូមិត្តភាពអន្តរជាតិចំនួន៦គូបានទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង។ ក្នុងនោះគូមិត្តភាពអន្តរជាតិកីឡាករ ព្រំ សំណាង និងកីឡាករភូមា ដាវ លីឌុច ប្រកួតលើវិញ្ញាសារម៉ាសហ្វៃ៩នាទី ដែលទទួលបានលទ្ធផលស្មើគ្នានាំឱ្យសាធារណជនវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គម។
មតិមួយចំនួនបានរិះគន់ទៅលើកីឡាករ ព្រំ សំណាង មានគ្រូជួយបង្ហាញផ្លូវរហូតដល់១០នាក់តែពេលប្រកួតប្រឹងតែទប់មិនវាយឡើយ ព្រមទាំងលើកឡើងទៀតថា ដាវ លីឌុច មិនវាយផ្តាច់ព្រោះគិតពីមនោសញ្ចេតនា ទុកមុខមាត់ឱ្យម្ចាស់ផ្ទះព្រោះទម្រង់វាយរបស់ស្តេចប្រដាល់ភូមារូបនេះមិនបញ្ចេញអស់ឡើយ ខណៈមតិមួយចំនួនបានបញ្ចេញមតិលើកទឹកចិត្តទៅដល់កីឡាកររូបនេះផងដែរ។
យ៉ាងណាមិញ ងាកទៅកាន់អ្នកសិល្បៈដែលស្នេហាវិស័យគុនខ្មែរក៏បានបញ្ចេញមតិរបស់ខ្លួននៅលើបណ្តាញសង្គមដូចគ្នាទៅលើការប្រកួតរវាងកីឡាករ ព្រំ សំណាង និងកីឡាករ ដាវ លីឌុច ។
តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី បានសរសេរថា «ខំចាំមើល ព្រុំសំណាង វ៉ៃ អត់វ៉ៃសោះ ទាត់ជើងគេតិចៗ គេចរហូត ? ? ឯណាក្បាច់គុណបុរាណខ្មែរ ? ម៉េចមិនបញ្ចេញ ?»។ ពិធីករ ប៉ែន ចំរុង បានលើកឡើងថា «លទ្ធផលល្អ ជាការចងមិត្តភាព ហើយក៏ជាផ្សព្វផ្សាយ គុនខ្មែរទៅកាន់ឆាកអន្តរជាតិ តែខ្ញុំស្តាយពូណាងចេញកែងនិងជង្គង់តិចពេក សង្ឃឹមប្រកួតបន្ទាប់គាត់រឹតតែធ្វើបានល្អជាងនេះទៅទៀត»។
ងាកទៅកាន់តារាចម្រៀង កែវ វាសនា វិញបានសរសេរថា «ឈប់ដាក់សម្ពាធផ្លូវចិត្តគាត់ទៀតទៅបងប្អូន គាត់ក៏មិនចង់បានលទ្ធផលចឹងដែរ តែត្រូវទទួលស្គាល់ថាគេល្អមែន ត្រូវលើកទឹកចិត្តឱ្យគាត់ខំវិវត្តខ្លួនបន្តទៀត គ្មានកីឡាករលំដាប់ណាដែលវៃមិនធ្លាប់ចាញ់ទេ»។ លោក ផេន បូទី វិញបានលើកឡើងថា «ខ្ញុំចាប់អារម្មណ៍ជាងគេ នៅពេលចប់ទឹកហើយ ឮជួងហើយ អាជ្ញាកណ្ដាលក៏ឃាត់ ដាក់ដៃញែកហើយ ហេតុអ្វី ពូ ណាង មានចេតនាទៅបុកកែងឱ្យ Dave Leduc បែកឈាមទៀត ហ៊ឹម…»។
លោក ករុណា ពេជ្រ បានបញ្ចេញមតិថា ការប្រដាល់គុនខ្មែរ រវាងកីឡាករ សំណាង និង ដាវ លីឌុច លោកយល់ថាគួរឱ្យអាណិត ព្រំ សំណាងទៅវិញទេ ព្រោះមើលមុខគាត់ គាត់ខំប្រឹងទប់ឱ្យបានស្មើតាមលក្ខណ្ឌ័នៃការប្រកួត ដើម្បីឱ្យបានស្មើហើយមិនគួរណាបងប្អូនមួយចំនួនតូចមានគំនិត អវិជ្ជមាន ចំពោះគាត់ដែលគាត់ក៏ជាប្រជាជនកម្ពុជាស៊ូទ្រាំមិនឱ្យសន្លប់ ដើម្បីកិត្តិយសកម្ពុជា បែរជាអ្នកមួយចំនួនតូចមិនឱ្យតម្លៃគាត់ ខ្លះជេរ ខ្លះដៀល បំបាក់ទឹកចិត្តគាត់សោះ..រឺ មួយទាល់តែគាត់ ត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញរិញ ហើយលើកដៃសំពះសុំឈប់ សុំចាញ់ បានបងប្អូនសើចសប្បាយពេញចិត្ត..??។ អ្នកនាង គឹម លីហ្សា វិញបានសរសេរថា « ដល់ពេលនេះហើយ កុំបន្ទោសគាត់អី មើលទឹកមុខគាត់ទៅ»..៕