ក្រោយពីអាជ្ញាធរចុះបង្រ្កាបក្លិបកម្សាន្តមួយឃាត់បានមនុស្សប្រុសស្រីប្រមាណជាង១០០នាក់សង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON (ប៉ោងប៉ោង រីករាយ) តារាសម្តែងរូបសង្ហា ប្រុស ខួច បានបញ្ចេញមតិលើបណ្តាញសង្គមរបស់ខ្លួនថាម្ចាស់ក្លិបជាអ្នកបើកលក់តែពេលចាប់ទៅចាប់អ្នកប្រើ។ លោកបានលើកឡើងទៀតថាប្រទេសវៀតណាម ជាប្រទេសតឹងតែងណាស់រឿងគ្រឿងញៀនដល់ថ្នាក់សម្លាប់ចោល បើរបស់នេះញៀន មែនគេមិនឱ្យប្រជាជនគេលក់តាមផ្លូវទេ។
នៅរសៀលថ្ងៃទី ៤ វិច្ឆិកា នេះតារាសម្តែង ប្រុស ខួច បានសរសេរបញ្ចេញមតិលើបណ្តាញសង្គមថា «កំពុងតែឆ្ងល់ថាម្ចាស់clubអ្នកបើកលក់តែពេលចាប់ទៅចាប់អ្នកប្រើ, ហើយអ្នកចូលខ្លះក៏ គេមិនមែនប្រើប្រាស់ទាំងអស់នោះទេ (ដូចខ្ញុំចូលដែលតែមិនបានលេងទេ បានត្រឹមតែ មើលគេមើលឯងទេ, ខ្ញុំជឿថាអ្នកខ្លះក៏ដូចគ្នាដែល, ហើយខ្ញុំក៏មិនជឿថា នៅសុខៗម្ចាស់ club បើកលក់ដែរបើដឹងថាវាខុសច្បាប់, ហើយបើដឹងថាខុសច្បាប់ហើយមិចក៏បើកលក់ទៀត?»។
លោកបន្តទៀតថា « Clubមិនមែនជាកន្លែងលាក់បាំអីទេ អ្នកណាចូលក៏បាន (របស់ដែលខុសច្បាប់គេមិនដែលបើកលក់នៅតាមកន្លែងកម្សាន្តដែលមានមនុស្សច្រើនចឹងទេ គឺគេលាក់លៀមហើយបើគេលក់នោះ)។ មួយទៀតមិនគួរថតរូបគេផុសចឹងទេ ជាចុងក្រោយក៏សូមទោសផងបើខ្ញុំនិយាយទៅខុសដោយសារខ្ញុំឆ្ងល់»។
ប្រុស ខួច លើកហេតុផលទៀតថា «ប្រទេសវៀតណាមគេតឹងតែងណាស់រឿងគ្រឿងញៀនណាស់ដល់ថ្នាក់សម្លាប់ចោល តែត្រឹមតែខ្យល់សប្បាយហ្នឹង វាដូច
មិនជាអ្វីទេ បើវាញៀនមែន វៀតណាមគេមិនឱ្យប្រជាជនគេលក់តាមផ្លូវទេ។ ខ្ញុំនិយាយ
នេះមិនមែនគាំទ្រឱ្យប្រើប្រាស់គ្រឿងញៀនទេគ្រាន់តែឆ្ងល់ ហើយបើធ្វើចឹងៗ នរណាហ៊ានទៅដើរលេងទៀតគឺប្រហែលជាទៅលេងប្រទេសជិតខាងហើយ បានអត់មានហានិភ័យ»។
គួរបញ្ជាក់ថា អាជ្ញាធរនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបក្លិបកម្សាន្តមួយកន្លែងនៅខណ្ឌចំការមនកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ដោយបានឃាត់មនុស្សប្រុសស្រីប្រមាណ១០៣នាក់ មានទាំងជនបរទេសផងដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ)៕