្រទេសចិន ៖ ភ្ញៀវមកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគូស្នេហ៍១គូបានរៀបអាពាហ៍ពិពាហ៍ក្នុងសណ្ឋាគារប្រណីតមួយនៅប្រទេសចិន ប៉ុន្តែពួកគេបានទទួលភ្ញៀវត្រឹមតែផ្តល់បាយម្នាក់១ប្រអប់ប៉ុណ្ណោះ ។ គូស្នេហ៍នេះនិយាយថា វាឆាប់រហ័ស និងមិនខាតបង់ពេលវេលាច្រើន ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនរិះគន់ចំពោះទង្វើនេះ ។แขกหน้าแห้ง คู่รักแต่งงานยิ่งใหญ่ ในโรงแรมหรู แต่เห็นอาหารที่เสิร์ฟอึ้ง

សារព័ត៌មានបរទេសចុះផ្សាយថា គូស្នេហ៍១គូនេះបានរៀបចំពិធីពិពាហ៍ពិពាហ៍របស់ពួកគេក្នុងសណ្ឋាគារដ៏ប្រណីត ប៉ុន្តែអាហារសម្រាប់ទទួលភ្ញៀវមកចូលរួមនោះ គឺមានត្រឹមតែបាយ១ប្រអប់ប៉ុណ្ណោះ និងគ្មានអ្វីបន្ថែមផ្សេងទៀតទេ ។ ដូច្នេះ ធ្វើឱ្យភ្ញៀវមកចូលរួមទទួលទានអាហារក្នុងពិធីនេះស្រឡាំងកាំងគ្រប់គ្នា ហើយញញឹមទាំងមុខស្ងួត ។

រីឯសារព័ត៌មានចិនវិញបានចុះផ្សាយពីវីដេអូពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះនៅទីក្រុងវូហាន ប្រទេសចិន ដែលបានរៀបចំឡើងយ៉ាងអធិកអធមក្នុងសណ្ឋាគារមួយកន្លែង ។ ម្ចាស់កម្មវិធីបានចែកបាយភ្ញៀវម្នាក់១ប្រអប់ ហើយបាយនេះគ្មានអ្វីប្លែកទេ ថែមទាំងមានតម្លៃថោកទៀត ។ ដូច្នេះ ម្ចាស់កម្មវិធីចង់ឱ្យមានភាពងាយស្រួល, ការបរិភោគឆាប់រហ័ស និងងាយស្រួលបោសសម្អាត ប៉ុន្តែពួកគេយកបាយប្រអប់មកទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍បែបនេះ គឺអាចមានតែមួយនេះទេ នៅលើពិភពលោក ។

ភ្ញៀវមកចូលរួមកម្មវិធីនិយាយថា ខ្លួនបានទទួលថង់ផ្លាស្ទិកធំមួយពណ៌ក្រហម ហើយនៅក្នុងថង់នេះមានបាយ១ប្រអប់ ដែលមានតម្លៃប្រមាណ៥០យាន់ (ឬស្មើប្រមាណ២ម៉ឺន៤ពាន់រៀល) ។ ភ្ញៀវរូបនេះបន្តថា ក្នុងប្រអប់នោះរួមមាន បាយសដាក់ស៊ុតចៀន១គ្រាប់ ព្រមទាំងមានម្ហូបចំនួន៣មុខ ក្នុងនោះមានឆាសាច់ជាមួយបន្លែ ។

រឿងរ៉ាវនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមប្រទេសចិន ក្នុងនោះអ្នកលេងបណ្តាញសង្គមចិនម្នាក់និយាយថា ៖ «ខ្លួនទើបតែបានឃើញបាយប្រអប់សម្រាប់ទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍ជាលើកដំបូង នៅទីក្រុងវូហាន» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «វាជារូបភាពគួរឱ្យខ្មាស់អៀន បើមិនចែកបាយឱ្យភ្ញៀវ គឺល្អជាង» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «មើលទៅបាយប្រអប់នេះស្រដៀងគ្នានឹងបាយដែលគេទុករយៈពេល១០០ឆ្នាំមុនអីចឹង ពីព្រោះពួកគេចម្អិនវាយូរហើយ ទើបយកមកចែកចាយ» ។

ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតយល់ឃើញថា នេះអាចជាការបរិភោគអាហារថ្ងៃត្រង់ងាយៗប៉ុណ្ណោះ មុននឹងឈានដល់ការបរិភោគអាហារពេលល្ងាច ដែលម្ចាស់កម្មវិធីនឹងរៀបចំម្ហូបអាហារសម្បូរបែបក៏ថាបាន ។ ចំណែកក្រុមអ្នកមកអង្គុយបរិភោគអាហារទាំងនេះ គឺអាចជាសាច់ញាតិ ឬក្រុមគ្រួសារ ឬមិត្តភក្តិ ដែលមកជួយការងារមុននឹងពិធីចាប់ផ្តើម ៕

ប្រភព ៖ khaosod