លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏ល្បីទាំងក្នុងនិងក្រៅប្រទេសបានយកហ៊ូលខ្មែរមកពីខេត្តតាកែវច្នៃជាឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបង្អួតសម្រស់យ៉ាងទាក់ភ្នែកលើទឹកដីអង្គរនាំឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការសរសើរព្រាតពីឈុតសំលៀកបំពាក់ខ្មែរដ៏ស្រស់ស្អាតនេះ។
តាមការរៀបរបស់អ្នកច្នៃម៉ូតដ៏ល្អឯករូបនេះបានឱ្យដឹងថា ឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបានច្នៃឡើងពីហ៊ូលខ្មែរមកពីខេត្តតាកែវ ត្បាញដកស្រង់ពីផ្ការំដួលនៅលើសំពត់អប្សរាអង្គរ ពណ៌នៃឈុតបានដកស្រង់ពី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ មានត្បាញជាអក្សរខ លោមជុំវិញផ្ការំដួល តំណាងឱ្យខ្មែរ។
លោក បានឱ្យដឹងទៀតថាការច្នៃម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាតស្លៀកជាក្បិននេះគឺដើម្បីចូលរួម ដង្ហែក្បួនកឋិនទានជុំវិញប្រាសាទអង្គរ ព្រមទាំងបានបួងសួងបារមីបរមវិស្ណុលោក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតាបិតា តាមថែរក្សាទឹកដីកម្ពុជា និងប្រជាជនទូទាំងសាកលលោកឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ សុខសន្តិភាពផងដែរ។
គួរបញ្ជាក់ថា លោក អូលីវ៉ា គង់ ជា Top Designer ម្នាក់ក្នុងប្រទេសកម្ពុជាដែលទទួលបានការកោតសរសើរយ៉ាងច្រើន។ នាខែធ្នូ ខាងមុខលោកនឹងតំណាងប្រទេសចូលរួមកម្មវិធី ASIA FASHION RUNWAY 2023 នៅ ប្រទេសម៉ាឡេស៊ី ដោយមានទាំងសែរាជវង្សចូលរួមទៀត។ ក្នុងឆ្នាំនេះ អ្នកច្នៃម៉ូត អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ចំនួន២ហើយនៅលើឆាកអន្តរជាតិដោយពានរង្វាន់មួយឈ្នះ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលី និងពានរង្វាន់មួយទៀតជា Best International Designer នៅប្រទេសវៀតណាម៕













