ជំងឺរលាកក្រពះ ត្រូវបានរកឃើញចំពោះមនុស្សវ័យជំទង់ រហូតដល់មនុស្សវ័យចំណាស់ ដែលវាជារឿងធម្មតាទេ ព្រោះជាញឹកញាប់ជំងឺរលាកក្រពះនេះច្រើនតែកើតឡើងដោយសារមូលហេតុចំនួន ៥ ដូចខាងក្រោម៖
១.ការឆ្លងមេរោគមួយចំនួន៖ ពិតណាស់មនុស្សម្នាក់ៗសុទ្ធតែការរស់នៅខុសៗគ្នា នៅពេលដែលអ្នកបរិភោគអាហារ និងទឹកមិនស្អាត ឬអាហារកកដែលមិនទាន់ចម្អិន ក៏ដូចជាអាហារឆៅជាដើម អាចធ្វើឱ្យក្រពះរបស់អ្នកងាយនឹងឆ្លងបាក់តេរីផ្សេងៗ។![]()
២.ការជក់បារី៖ ការជក់បារីធ្វើឱ្យអ្នកងាយឆ្លងមេរោគ Helicobacter pylori ដែលជាមូលហេតុនៃជំងឺក្រពះ ដូច្នេះអ្នកជក់បារីទៀងទាត់ ងាយនឹងកើតដំបៅក្រពះ និងរលាកក្រពះជាងអ្នកមិនជក់បារី។
៣.ប្រើថ្នាំផ្សេងៗ៖ ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម ក៏ដូចជាការប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) និងថ្នាំប្រឆាំងប្លាកែត ដូចជាអាស្ពីរីន អាចមានផលប៉ះពាល់ដែលបំផ្លាញស្រទាប់ក្រពះ។
៤.មានភាពតានតឹង ធ្លាក់ទឹកចិត្ត ឬមានការថប់បារម្ភ៖ នៅពេលដែលយើងស្ត្រេសខ្លាំង អ័រម៉ូនក្នុងរាងកាយនឹងប្រែប្រួល ដែលធ្វើឱ្យលំហូរឈាមពិបាក ហើយក្រពះបញ្ចេញទឹកក្រពះច្រើនខុសធម្មតា ជាលទ្ធផលធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែអាក្រក់ទៅៗ។
៥.ការផឹកគ្រឿងស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗក្នុងបរិមាណច្រើន វានឹងចូលទៅក្នុងស្រទាប់ស្លេសនៅក្នុងក្រពះ ដែលបណ្តាលឱ្យរលាក និងអាចបណ្តាលឱ្យមានដំបៅក្រពះផងដែរ។
ទោះជាយ៉ាងណាក៏ដោយដើម្បីការពារជំងឺរលាកក្រពះឱ្យបានត្រឹមត្រូវយើងគួរអនុវត្តដូចជា៖
១.ញ៉ាំអាហារឱ្យទាន់ពេលវេលា។
២.ផឹកទឹកស្អាត និងបរិភោគផ្លែឈើ បន្លែឱ្យបានច្រើន។
៣.កុំញ៉ាំអាហារដែលបង្កឱ្យកើតជំងឺក្រពះ ដូចជាអាហារហឹរ អាហារខ្លាញ់ អាហាររហ័ស និងភេសជ្ជៈមានជាតិអាល់កុល។
៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៥.កុំលេបថ្នាំញឹកញាប់ពេក ព្រោះថ្នាំខ្លះអាចមានឥទ្ធិពលអាក្រក់ដល់ក្រពះ៕










