ជ្រុញ គឺជាសម្ភារៈប្រើប្រាស់ចាំបាច់បំផុតនៅក្នុងផ្ទះបាយ ហើយលំនៅឋានទាំងអស់មិនអាចខ្វះវាបានទេ ។ ជ្រុញមានតួនាទីឱ្យអ្នកចម្អិនម្ហូបអាហារអាចហាន់បន្លែបង្ការ ផ្លែឈើ រហូតដល់សាច់សត្វ ។ គេបានផលិតជ្រុញជាច្រើនប្រភេទ ច្រើនទំហំ ដើម្បីឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត ដូចជា ជ្រុញឈើ និងជ្រុញផ្លាស្ទិក ប៉ុន្តែតើយើងធ្លាប់សង្ស័យដែរឬទេថា យើងគួរជ្រើសរើសប្រើជ្រុញបែបណា ទើបមានសុវត្ថិភាពសម្រាប់សុខភាព ។
បើទោះជាជ្រុញផ្លាស្ទិកទទួលបានការពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនានា ដោយសារគេអាចប្រើប្រាស់វាបានយូរ មានទម្ងន់ស្រាល និងតម្លៃធូរថ្លៃ ប៉ុន្តែជ្រុញផ្លាស្ទិកអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរាងកាយផងដែរ ។
ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដោយសារការប្រើប្រាស់ជ្រុញផ្លាស្ទិក ៖
១-ការផ្ទុកមេរោគ ៖
ជ្រុញផ្លាស្ទិកមានរន្ធតូចៗ ហើយរន្ធទាំងនេះអាចជាកន្លែងប្រមូលផ្តុំនូវមេរោគផ្សេងៗ ដូចជា បាក់តេរី Ecoli, Salmonella និង Listeria Monocytogenes ។ មេរោគទាំងនេះអាចនៅលាយឡំជាមួយម្ហូបអាហារ ប្រសិនបើយើងហាន់សាច់សត្វឆៅ ឬបន្លែឆៅនៅលើជ្រុញផ្លាស្ទិក ដោយមិនបានលាងសម្អាតវាឱ្យត្រឹមត្រូវតាមក្បួនខ្នាត ។ ដូច្នេះ ចំណុចនេះក៏អាចកើតឡើងជាមួយជ្រុញឈើដូចគ្នាដែរ ។
២-ការផ្ទុកសារធាតុគីមី ៖
ជ្រុញផ្លាស្ទិកមួយចំនួនអាចផលិតឡើងពីផ្លាស្ទិកដែលផ្ទុកនូវសារធាតុគីមី ដូចជា សារធាតុ BPA (Bisphenol A) ។ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ពីព្រោះសារធាតុ BPA គឺជាសារធាតុគីមីបង្កផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងការអភិវឌ្ឍរបស់ទារកនៅក្នុងផ្ទៃម្តាយ ។
៣-ស្នាមប្រេះនៅលើជ្រុញ ៖
ជ្រុញផ្លាស្ទិកអាចនឹងមានស្នាមប្រេះយ៉ាងងាយ បើគេប្រើប្រាស់កាំបិតមុត ឬហាន់អាហាររឹង ដោយកំទេចផ្លាស្ទិកអាចនៅលាយឡំជាមួយម្ហូបអាហារ ហើយវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ។ គេប៉ាន់ស្មានថា ជ្រុញប្លាស្ទិកនឹងបញ្ចេញមីក្រូផ្លាស្ទិកប្រភេទប៉ូលីអេទីឡែន ហើយឧទាហរណ៍ថា គេបានយកជ្រុញផ្លាស្ទិកមកហាន់សាច់ ឬបន្លែ ចំនួន៥០០លើកក្នុង១ថ្ងៃ ឬចំនួន១២ម៉ឺន៨ពាន់លើកក្នុង១ឆ្នាំ គឺការប៉ះពាល់ជារួមជាមួយមីក្រូផ្លាស្ទិក នឹងស្មើរហូតដល់ជាង៥០ក្រាមក្នុង១ឆ្នាំ ៕
ប្រភព ៖ sanook










