ទីបំផុតរឿងហេតុចម្រូងចម្រាស់ជុំវិញពាក្យសម្តីរបស់តារាកំប្លែងរើសអើងភេទទី៣ បានដោះស្រាយគ្នាដោយសន្តិវិធីហើយបន្ទាប់ពីភាគីទាំងសងខាងគឺតារាកំប្លែង នាយក្រឹម និងបេក្ខជន ណុប ដាណេ បានជួបពិភាក្សាគ្នាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងប្រធានសមាគមសិល្បករកម្ពុជា។ បន្ទាប់ពីដោះស្រាយគ្នារួចប្រកបដោយភាពវិជ្ជមានតារាកំប្លែង នាយក្រឹម បាននិយាយថាខ្លួនមិនមានចេតនារើសអើងភេទទី៣នោះទេ បើរើសអើងមែនមិនមែនសម្តែងត្រាប់តាមភេទទី៣ឡើយ។
នៅលើបណ្តាញសង្គមរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានលើកឡើងថា « បញ្ហាត្រូវបានដោះស្រាយ ដោយការនិយាយដោយបើកចិត្តនិងបេះដូង ពូក្រឹមមិនមានចេតនារើសអើងភេទទី៣នោះទេ តែពាក្យពេចន៍ការនិយាយទៅបែរជាប៉ះដល់អារម្មណ៍បងប្អូនក្មួយៗមួយចំនួន និងភេទទី៣ បើខ្ញុំស្ឬក៏រើសអើង ខ្ញុំក៏មិនសម្តែងត្រាប់តាមភេទទី៣ដែរ ហើយមិនជួយឡង់សេរភេទទី៣ជាច្រើននាក់កន្លងមកឱ្យមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះដែរ»។
តារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងទៀតថា «ចឹងសូមបងប្អូនក្មួយៗភេទទី៣ឈប់មានការខឹងឬក៏វាយប្រហារតទៅទៀត សុទ្ធតែគ្នាយើងហ្នឹង តារាកប្លែង នាយក្រឹម និងភេទទី៣ គឺជា អ្នកផ្តល់សំណើច សើចសប្បាយដូចគ្នា»។
គួរបញ្ជាក់ផងដែរថា រឿងហេតុដែលបង្កឱ្យមានប្រធានបទនៅលើបណ្តាញសង្គមរហូតដល់មានការប្រជុំពិភាក្សាដោះស្រាយគ្នានេះគឺបានកើតឡើងនៅយប់ថ្ងៃទី២៨ តុលា ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ដោយ គណៈកម្មការ ក្រឹម បាននិយាយទៅកាន់បេក្ខជន ណុប ដាណេ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។ ពាក្យសម្តីនេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម អ្នកសិល្បៈ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នាមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់អង្គការសហគមន៍ឥន្ទធនូកម្ពុជាដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស៕










