ជាទូទៅក្រុមចម្រៀង K-pop បន្ទាប់ពីទម្លាក់វីដេអូចម្រៀង (MV) រួចទើបទម្លាក់វីដេអូបង្ហាញពីក្បាច់រាំរបស់បទចម្រៀងនោះ ហើយអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំវីដេអូបញ្ចេញក្បាច់រាំ ដើម្បីបានឃើញពីភាពច្បាស់លាស់ និងសមត្ថភាពរបស់តារាដែលពួកគេចូលចិត្តស្របពេលអ្នកគាំទ្រក៏អាចរៀនហាត់រាំតាមអាយដលរបស់ខ្លួនដែរ។
យ៉ាងណាមិញ វីដេអូក្បាច់រាំ(dance practice videos )របស់ BLACKPINK បង្ហាញពីភាពទាក់ទាញជាសាកលរបស់ពួកគេ ដែលគ្របដណ្តប់លើតារាង YouTube ដោយក្រុមចម្រៀងនារីដ៏ល្បីឈ្មោះនេះ ទទួលបានតំណែងកំពូលទាំងប្រាំសម្រាប់វីដេអូក្បាច់រាំដែលមានអ្នកមើលច្រើនជាងគេក្នុងចំណោមក្រុម K-pop ។
១. វីដេអូក្បាច់រាំ «HOW YOU LIKE THAT» មានអ្នកទស្សនា ១.៥១ពាន់លានដង
ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វីដេអូក្បាច់រាំ “How You Like That” ទទួលបានការចូលមើលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១.៥១ពាន់លានដងលើយូធូបដោយទទួលបានតំណែងជាវីដេអូក្បាច់រាំមានអ្នកមើលច្រើនបំផុតដោយក្រុម K-pop ។
២. វីដេអូក្បាច់រាំ «DU-DU DDU-DU» មានអ្នកទស្សនា ៤៩៤លានដង
BLACKPINK បានបញ្ចេញក្បាច់រាំដ៏មានអានុភាពជាប់លាប់ ហើយវីដេអូរាំនៃបទចម្រៀងដ៏ល្បីរបស់ពួកគេ “DDU-DU DDU-DU” ទាញអ្នកចូលទស្សនាជាង ៤៤៩៤លានដង ដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីនេះ។
៣. វីដេអូក្បាច់រាំ «KILL THIS LOVE» មានអ្នកទស្សនា ៤៩៣លានដង
សម្រាប់បទ “Kill This Love” បានជាប់ចំណាត់ថ្នាក់លេខ ៣ដែលមានអ្នកចូលមើលជាង ៤៩៣ លានដងទៅលើវីដេអូក្បាច់រាំរបស់ BLACKPINK ។ ក្បាច់រាំដ៏ជក់ចិត្ត រួមផ្សំជាមួយនឹងចង្វាក់ដ៏ខ្លាំងរបស់បទចម្រៀងនេះ គឺជាទស្សនីយភាពដែលទាក់ទាញបេះដូងអ្នកគាំទ្ររាប់លាននាក់។ វីដេអូនេះបង្ហាញឱ្យឃើញថា សមត្ថភាពរាំរបស់ BLACKPINK គឺគួរឱ្យចាប់អារម្មណ៍ដូចជាជំនាញច្រៀង និងរ៉េបរបស់ពួកគេដូចគ្នា។
៤. វីដេអូក្បាច់រាំ «Don’t Know What To Do» មានអ្នកទស្សនា ៣១៤លានដង
មួយបទនេះរបស់ BLACKPINK មិនបានចេញជា MV នោះទេប៉ុន្តែបានចេញជាវីដេអូក្បាច់រាំតែម្តងដែលបានក្លាយជាវីដេអូក្បាច់រាំមានអ្នកមើលច្រើនជាងគេទី ៤ដោយក្រុម K-pop នៅលើ YouTube ទាញអ្នកចូលទស្សនាចំនួន ៣១៤ លានដង។ វីដេអូនេះបង្ហាញពីជំនាញរាំដ៏ល្អឥតខ្ចោះរបស់ BLACKPINK ។
៥. វីដេអូក្បាច់រាំ « BOOMBAYAH» មានអ្នកទស្សនា៣០០លានដង
«BOOMBAYAH»ជាបទចម្រៀងដំបូងរបស់ BLACKPINK ហើយក៏បានជាប់ចំណាត់ថ្នាក់ទី ៥ ដែលមានអ្នកចូលមើលជាង៣០០ លានដងសម្រាប់វីដេអូក្បាច់រាំរបស់ក្រុមចម្រៀងនេះ។ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦ វីដេអូក្បាច់រាំគួរឱ្យចាប់អារម្មណ៍នេះនៅតែបន្តទាក់ទាញអ្នកគាំទ្រដល់បច្ចុប្បន្ន៕










