សហរដ្ឋអាមេរិក៖ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook គ្រោងនឹងជ្រើសរើសបុគ្គលិកថ្មីជាច្រើននាក់បន្ថែមទៀត បន្ទាប់ពីបានកាត់បន្ថយបុគ្គលិកចំនួន ២១,០០០ នាក់ក្នុងរយៈពេលពីរជុំកន្លងមក។
យោងតាមគេហទំព័រ The Washington Post បានឱ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerburg បានកត់ត្រាលទ្ធផលអាជីវកម្មនៅត្រីមាសទី ៣ ដ៏ផ្ទុះបន្ទាប់ពីនាំមកនូវប្រាក់ចំណូលចំនួន ៣៤,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណេញសុទ្ធបានកើនឡើង ១៦៤% ដល់ ១១,៥៨ ពាន់លានដុល្លារ។ ដូច្នេះ ក្រុមហ៊ុន Meta គ្រោងនឹងបង្កើនការចំណាយសម្រាប់ការជ្រើសរើសបុគ្គលិកថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៤។
Meta បាននិយាយថា Reality Labs ដែលជាផ្នែកទទួលបន្ទុកបង្កើតពិភពនិម្មិត metaverse ទំនងជានឹងទទួលរងការខាតបង់កាន់តែច្រើននៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្ថែមធនធានមនុស្សបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអាទិភាព ក៏ដូចជាបង្កើនចំនួនបុគ្គលិកបច្ចេកទេសខ្ពស់។ យោងតាមលោក Mark Zuckerburg ក៏បានប្រកាសដែរថា ក្រុមហ៊ុននឹងពន្លឿនការជ្រើសរើសបុគ្គលិកជាបណ្ដោះអាសន្ននៅឆ្នាំក្រោយ ដើម្បីដោះស្រាយភាពយឺតយ៉ាវនេះ។
គួរបញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកប្រហែល ១១,០០០ នាក់ ដែលជាការបញ្ឈប់ការងារដ៏ធំលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។ បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកចំនួន ១០,០០០ នាក់បន្ថែមទៀតដែលជាលើកទីពីររបស់ខ្លួនក្នុងការបញ្ឈប់បុគ្គលិក។ មូលហេតុនៃការបញ្ឈប់បុគ្គលិកគឺដោយសារក្រុមហ៊ុនមានភាពទន់ខ្សោយ ក៏ដូចជាខាតបង់ប្រាក់ជាច្រើនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុន Meta កំពុងបង្កើនការជ្រើសរើសបុគ្គលិកបន្ថែមទៀត ដើម្បីធ្វើការវិនិយោគក្នុងការអភិវឌ្ឍន៍ឧបករណ៍ AI សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម និងអាជីវកម្មបញ្ញាសិប្បនិមិត្ត ក៏ដូចជាគាំទ្រដល់អាជីវកម្មដែលប្រើប្រាស់ AI ក្នុងការកំណត់អត្តសញ្ញាណអតិថិជន។ លោក Susan Li ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Meta បានជូនដំណឹងថា បន្ថែមពីលើ AI ក្រុមហ៊ុននឹងផ្តោតលើការជួលក្នុងផ្នែកផ្សេងទៀត រួមទាំងការរកប្រាក់ ការបំប្លែងសារ និងការអនុលោមតាមច្បាប់៕










