តារាសម្តែង និងជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ធ្វើឱ្យមហាជនបើកភ្នែកធំៗតែម្តងបើសាមីខ្លួនបានស្តាប់វិញអាចឆ្អែតបាយមិនខាន ដោយនាងបាននិយាយទៅកាន់តារាកំប្លែង នាយក្រឹម ថា «អ្នកស្រលាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូកុំបង្កើតគេមកល្អជាង»។
ដូចមហាជនជ្រាបមកហើយថា ជុំវិញរឿងតារាកំប្លែងល្បីឈ្មោះនាយ ក្រឹម និយាយរើសអើងភេទទី៣ កាលពីកន្លងមកថ្មីៗនេះរងនូវមតិរិះគន់យ៉ាងខ្លាំងក្លាពីមហាជនអ្នកលេងបណ្តាញសង្គម ក្នុងនោះអ្នកមួយចំនួននាំគ្នាធ្វើពហិការស្នើកម្មវិធី Cambodia’s Got Talent ដកលោក លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ចេញពីតួនាទីគណៈកម្មការថែមទៀតព្រោះតែមិនអាចទទួលយកសម្តីនៃការរើសអើងភេទរបស់លោកបាន។
ជាមួយមតិរិះគន់អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបក៏បានចេញមុខការពារនិងរិះគន់ទៅនាយក្រឹម ផងដែរ។ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ MUC2018 កញ្ញា រឿន ណាត ចេញមកនិយាយយ៉ាងភ្ញាក់ផ្អើលថាតារាកំប្លែងនាយក្រឹម ជាបុរសមិនល្អគ្មានទំនួលខុសត្រូវ។
កញ្ញា រឿន ណាត បាននិយាយនៅយប់ថ្ងៃទី២៨ ខែតុលា ថា «សុទ្ធតែអ្នកស្រលាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូកុំបង្កើតគេមកល្អជាងគ្រួសារពូខ្ញុំស្គាល់ច្បាស់ណាស់….តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អ»។
តារាស្រីរូបនេះបន្ថែមនៅលើខម្មិនទៀតថា «គ្រួសារខ្លួនឯងមួយគ្មានសមត្ថភាពបង្កើតក្តីសុខបានផងចង់មកប្រដៅគេ កុំមកប៉ះពាល់ LGBT ខ្ញុំ ពូរង់ចាំហែរទឹកភ្នែកប្រពន្ធដើមកូនដើមពូទៅ»។ ក្រោយពីបញ្ចេញអារម្មណ៍របស់ខ្លួនដូចនេះហើយគេសង្កេតឃើញថាកញ្ញា រឿន ណាត បានលុបការបង្ហោះនោះហើយ។
តារាកំប្លែងនាយក្រឹម ត្រូវបានគេដឹងថាលោកមានភរិយាចំនួន២ ដោយភរិយាទី១ទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ និងភរិយាទី២ជាតារាកំប្លែងដូចគ្នាដោយទទួលបានកូនភ្លោះស្រី៕
.jpg)










