ផលិតកម្ម SM Entertainment ថ្វីដ្បិតតែមានការប្រែប្រួលទីផ្សារនាពេលថ្មីៗនេះ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបន្តដំណើរការបានល្អនិងមានភាពវិជ្ជមានដោយសារតែក្រុមចម្រៀងនារី aespa និងក្រុម NCT Dream បានកើបប្រាក់ចំណូលឱ្យក្រុមហ៊ុនលើការប្រគំតន្រ្តីរបស់ពួកគេ រួមទាំងប្រាក់ចំណូលលក់អាល់ប៊ុមពីក្រុមចម្រៀងផ្សេងទៀត។
នៅក្នុងត្រីមាសទី៣ ផលិតកម្ម SM ត្រូវបានគេព្យាករណ៍ថានឹងសម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ជាមួយនឹងប្រាក់ចំណូលសរុបដែលរំពឹងទុកចំនួន ៣០៤.៣ ពាន់លានវ៉ុន ប្រមាណ២២៦ លានដុល្លារ កើនឡើង ២៧.៨% បើធៀបនឹងឆ្នាំ២០២២ និងប្រាក់ចំណេញប្រតិបត្តិការ ៥៤.៧ ពាន់លានវ៉ុន(ប្រមាណ៤០លានដុល្លារ) កើនឡើង ៨៣.៧% ធៀបនឹងឆ្នាំ២០២២។ លទ្ធផលដ៏រឹងមាំទាំងនេះបាននាំឱ្យមានការវាយតម្លៃជាវិជ្ជមាន។
សមិទ្ធផលរបស់ SM Entertainment រួមមានការលក់អាល់ប៊ុមបំបែកកំណត់ត្រាចំនួន ៨.៨៦ លានបន្ទះ ដែលជំរុញដោយការចេញផ្សាយដ៏ពេញនិយមដូចជាអាល់ប៊ុមទី ៧ របស់ EXO អាល់ប៊ុម NCT Dream និងអាល់ប៊ុមទី៣ របស់ Red Velvet ។ ទីភ្នាក់ងារនេះក៏ត្រូវបានគេរំពឹងថានឹងរកបានប្រហែល ១១៦.៩ ពាន់លានវ៉ុនពីការលក់ចម្រៀងនិងអាល់ប៊ុម។ លើសពីនេះ ប្រាក់ចំណូលពីការប្រគំតន្ត្រីត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ២៣.១ ពាន់លានវ៉ុន ដែលមួយផ្នែកដោយសារតែភាពជោគជ័យនៃដំណើរទេសចរណ៍នៅអាម៉េរិកខាងជើងរបស់ aespa និងដំណើរទេសចរណ៍របស់ NCT Dream ។
នៅត្រីមាសទី ៤ របស់ក្រុមហ៊ុននេះក៏ត្រូវបានព្យាករណ៍ថានឹងមានភាពខ្លាំងជាមួយនឹងការចេញអាល់ប៊ុមដោយ NCT 127, Red Velvet និងផ្សេងៗទៀត។ ជាលទ្ធផល ប្រាក់ចំណេញប្រតិបត្តិការរួមពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់ ១៥១.៩ ពាន់លានវ៉ុន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់លើសពីឆ្នាំមុន។
ផលិតកម្ម SM Entertainment មិនត្រឹមតែផ្តោតលើមូលដ្ឋានអ្នកគាំទ្រអាស៊ីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងសម្លឹងមើលការពង្រីកជាសកលស្របតាមនិន្នាការ K-pop ផងដែរ។ ពួកគេមានគម្រោងសម្រាប់ការបង្ហាញខ្លួនដំបូងរបស់ក្រុម NCT New Team និងក្រុមចម្រៀងនារីនៅប្រទេសជប៉ុនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ ក្រុមហ៊ុនក៏កំពុងស្វែងរកលទ្ធភាពក្នុងការផលិតតារាក្នុងស្រុកស្រដៀងនឹងក្រុមហ៊ុនកម្សាន្តផ្សេងទៀតដូចជាផលិត JYP Entertainment និង HYBE ផងដែរ៕