យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខបង្ហាញពីសិល្បៈផ្សេងៗជាពិសេសកាលពីកន្លងទៅនេះគឺស្នាដៃគូរមុខប្រាសាទកោះកេរក្នុងអំឡុងពេលប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។
យ៉ាងណាមិញ នាពេលថ្មីៗនេះយុវជនដ៏ឆ្នើមនេះបានឈ្នះពានរង្វាន់ video graphy ទៅលើគំនូរការគូរមុខសិល្បៈចម្រុះពីការប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធី ពិពណ៌អនាគតយុវជន ប្រធានបទ (សកម្មភាពអ្នក អនាគតអ្នក) ដែលរៀបចំដោយអង្គការសហប្រជាតិនៃកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ។
ជាមួយសមិទ្ធផលនេះ យុវជន វ៉ាត វ៉ាន់ បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២២ តុលា ដោយបង្ហាញអារម្មណ៍ថា«
សូមអគុណដល់អង្គការសហប្រជាតិនៃកម្ពុជា United Nations in Cambodia / UNFPA Cambodia ម្ដងទៀតដែលបានបង្កើតកម្មវិធីដ៏មានន័យនេះឡើង ដែលអាចឱ្យក្មេងៗជំនាន់ក្រោយដូចជាខ្ញុំ យុវជន រឺពុកម៉ែបងប្អូនបានបង្ហាញស្នាដៃសិល្បៈដែលយើងមានក្នុងការប្រឡងប្រជែងមួយនេះ»។
យុវជនឆ្នើមរូបនេះបន្តទៀតថា «ការលើកទឹកចិត្ត និងការជួយគាំទ្រ ឱ្យតម្លៃមួយនេះពិតជាមានន័យសម្រាប់ខ្ញុំខ្លាំងណាស់។ សង្ឃឹមថាទាំងអស់គ្នាចូលរួមប្រឡងសិល្បៈចម្រុះនៅឆ្នាំក្រោយទាំងអស់គ្នាណា។ ក្លាហាន បង្ហាញអ្វីដែលអ្នកមានទាំងអស់គ្នា។ កុំភ័យខ្លាចនឹងការបរាជ័យ តែត្រូវព្យាយាម ហើយមិនបោះបង់»។
គួរបញ្ជាក់ថាលោក វ៉ាត វ៉ាន គឺជាយុវជនខ្មែរមួយរូបត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ជាក់ស្តែងកម្មវិធីប្រកួត The Voice Cambodia រដូវកាលទី៣ លោកក៏បានចូលរួមប្រកួតផងដែររួមទាំងកម្មវិធីប្រលងជាច្រើនទៀត៕











