អ៊ិន លក្ខិណា Miss world Cambodia 2026 បានជំរុញឱ្យបវរកញ្ញាជាច្រើនរូបរួមមាន សំណាង អេលីណា ប៊ី សុធារី ហ្វីយ៉ាតា រួមទាំងលោកជំទាវ នៅ សូនិតា សរសើរនិងមានមោទនភាពទៅលើនាងក្នុងការនិយាយជាសាធារណៈក្នុងការប្រកួតប្រជែង Head to Head របស់កម្មវិធីនេះ។
នៅថ្ងៃទី២៤ ខែសីហា បវរកញ្ញាតំណាងឱ្យតំបន់អាស៊ី និងអាហ្វ្រិក បានចូលរួមប្រកួតប្រជែងក្នុងវគ្គ Head to Head របស់កម្មវិធី Miss world។ កន្លងមកអ្នកមួយចំនួនគឺតែងតែមានមតិអវិជ្ជមានចំពោះ អ៊ិន លក្ខិណា ក្នុងការប្រើប្រាស់ភាសាអង់គ្លេស ខណៈការនិយាយលើកនេះរូបនាងបានព្យាយាមនិយាយប្រកបដោយទំនុកចិត្តនិងបានលើកពីប្រធានបទដែលនាងប្រឈមត្រូវគេ Bully ទាំងរូបសម្រស់ដោយសារតែសម្បុរ រួមទាំងការនិយាយភាសាអង់គ្លេសមិនបានល្អរបស់នាង។ លក្ខិណា ក៏បានរៀបរាប់ពីការតស៊ូរបស់ម្តាយដែលជាស្ត្រីមេម៉ាយក្នុងការចិញ្ចឹមបីបាច់ថែរក្សានាងផងដែរ។
.png)
នៅពេលដែលវីដេអូរបស់ លក្ខិណា និយាយក្នុងវគ្គនេះរួចអ្នកតាមដានរួមទាំងផេកគាំទ្របវរកញ្ញាមួយបង្ហាញថាភាសាអង់គ្លេសរបស់នាងនៅតែមានកម្រិតប៉ុន្តែនោះលែងជាបញ្ហាទៀតហើយអ្វីដែលពួកគេបានមើលឃើញពី Miss world Cambodia 2026 គឺការមានទំនុកចិត្តនិងការខិតខំប្រឹងប្រែងរបស់នាង។
លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរបានចែករំលែកនៅលើបណ្តាញសង្គមថា «នាងប្រឹងណាស់ តាំងពីមិនចេះសោះរហូតនិយាយបានប៉ុណ្ណេះគាត់មានឆន្ទៈខ្ពស់ សូមបងប្អូនចូលរួមបោះឆ្នោតជូននាងផង»។
ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសរសេរថា «ពីក្មេងស្រីម្នាក់ដែលមិនចេះនិយាយភាសាអង់គ្លេសសោះ.. ហើយហ៊ានឈរនៅលើឆាកអន្តរជាតិ និយាយដោយគ្មានភាពភ័យខ្លាច ហើយហ៊ានប្រឈមនឹងការពិតបែបនេះ ខ្ញុំពិតជាមានមោទនភាពលើអ្នកណាស់ ។ អារម្មណ៍នៅក្នុងសំឡេងរបស់នាងធ្វើឱ្យខ្ញុំយំ»។
ចំណែកឯ ប៊ី សុធារី Miss Cosmo Cambodia 2026 បានចែករំលែករូបថតរបស់ លក្ខិណា ភ្ជាប់មកជាមួយនឹងពាក្យយ៉ាងខ្លីថា « Well done oun» ដែលមានន័យថា «ធ្វើបានល្អណាស់អូន» ខណៈ សំណាង អេលីណា Miss International Cambodia 2023 បានសរសេរយ៉ាងខ្លាំងថា «Proud of her» មានន័យថា «មានមោទនភាពចំពោះនាង»។
នៅក្នុងវគ្គខាងលើនេះ អ៊ិន លក្ខិណា ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «My voice, My purpose, My Cambodia ខ្ញុំជឿថា Beauty With Purpose មិនមែនមានត្រឹមតែភាពស្រស់ស្អាតខាងក្រៅទេ ប៉ុន្តែគឺជាការប្រើប្រាស់សំឡេង និងឱកាសរបស់យើង ដើម្បីបង្កើតអត្ថន័យ និងការផ្លាស់ប្តូរដ៏វិជ្ជមានសម្រាប់សង្គម»៕










