ប្រទេសអារ៉ាប៊ី សាអូឌីត ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បាននិយាយមកកាន់ក្រុមសារព័ត៌មានថា តាមរយៈការជជែកជាមួយក្រុមហ៊ុនឯកជនចំនួន៤ គឺលោកមានអារម្មណ៍ចម្លែកចិត្តយ៉ាងខ្លាំង ដោយសារប្រទេសអារ៉ាប៊ី សាអូឌីត មានតែខ្សាច់ ប៉ុន្តែមានក្រុមហ៊ុនធំលំដាប់ពិភពលោក ដែលធ្វើពាណិជ្ជកម្មលក់ទំនិញកសិកម្ម និងបសុសត្វនៅអាមេរិកខាងត្បូង, អឺរ៉ុប និងអាស៊ី ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានជជែកពិភាក្សាជាច្រើនប្រធានបទ ដូចជា ផ្នែកកសិកម្ម បសុសត្វ និងរឿងសត្វគោ ជាដើម ។ វាជាគោលនយោបាយចម្បងរបស់រដ្ឋាភិបាលថៃ ដើម្បីជំរុញរួមគ្នាជាមួយប្រទេសអារ៉ាប៊ី សាអូឌីត ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីថៃក៏បានពិភាក្សាពីការធ្វើសណ្តែកសៀងផងដែរ ដែលលោកមានទំនុកចិត្តថា ទីផ្សារពិភពលោកមានតម្រូវការខ្ពស់ ។
លោកនាយករដ្ឋមន្ត្រីថៃបន្តថា បើអាចទៅរួច លោកនឹងឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថៃនាំក្រុមហ៊ុនឯកជនមកជជែកជាមួយក្រុមហ៊ុន SABIC ហើយលោករីករាយដែលប្រទេសទាំងពីរបានធ្វើអ្វីរួមគ្នា ព្រោះប្រទេសថៃមានគម្រោងធំៗជាច្រើនដែលត្រូវជជែកគ្នាបន្ត ។ SABIC គឺជាក្រុមហ៊ុនផលិតសារធាតុគីមីនៅប្រទេសអារ៉ាប៊ី សាអូឌីត និងជាក្រុមហ៊ុនធំបំផុតលើពិភពលោក ។
រឿងគួរឱ្យរីករាយមួយទៀត គឺលោកនាយករដ្ឋមន្ត្រីថៃបានសួរនាំក្រុមហ៊ុន SABIC អំពីទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT និងក្រុមហ៊ុនឯកជនជាច្រើនទៀត តើក្រុមហ៊ុននេះមានឧបសគ្គអ្វីទេពាក់ព័ន្ធនឹងការវិនិយោគ និងការប្រកបអាជីវកម្មនៅប្រទេសថៃ ? ក្រុមហ៊ុននេះប្រាប់ថា គ្មានទេ ព្រោះគ្រប់យ៉ាងទទួលបានការគាំទ្រយ៉ាងល្អ ។
ក្រុមហ៊ុន SABIC ចង់ឱ្យប្រទេសទាំងពីរពង្រឹងទំនាក់ទំនងល្អជាមួយគ្នាបន្តទៀត ហើយលោកនាយករដ្ឋមន្ត្រីថៃក៏បានអរគុណភ្នាក់ងារផ្សេងៗផងដែរ ដែលបានសហការជាមួយក្រុមហ៊ុន SABIC ហើយធ្វើឱ្យក្រុមហ៊ុននេះសរសើរប្រទេសថៃ ។ ចុងក្រោយ លោកសង្ឃឹមថា ការវិនិយោគទុននឹងអភិវឌ្ឍន៍ទៅមុខបន្តទៀតលើគ្រប់វិស័យ ៕ ប្រភព ៖ mono










