ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ថាប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ជាមួយគ្នានេះ ខ្យល់មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា។
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
សម្រាប់នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ក្នុងនោះក្រសួងធនធានទឹក ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងបាន។
គិតត្រឹមថ្ងៃទី២២ តុលា សង្កាត់ចំនួន១០ក្នុងខណ្ឌដង្កោបានជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោតដែលមានប្រជាពលរដ្ឋប្រមាណជាង២០០០គ្រួសាររងគ្រោះ៕










