សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងថា ភាពជោគជ័យក្នុងសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែល និងអ៊ុយក្រែន គឺមានសារសំខាន់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក ។ ប្រសិនបើបណ្តោយឱ្យការឈ្លា.នពា.ននៅតែបន្តនោះ បញ្ហាជម្លោះ និងភាពវឹកវរ នឹងរាលដាលទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ។
លោក ចូ បៃឌិន បានថ្លែងសុន្ទរកថាពីការិយាល័យរបស់លោក តាមរយៈស្ថានីយទូរទស្សន៍ពាក់ព័ន្ធនឹងសង្គ្រាមដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន និងតំបន់ Gaza ហើយលោកប្រៀបធៀបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងក្រុមហាម៉ាស់ដែលកាន់កាប់តំបន់ Gaza បើទោះជាស្ថិតនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែពួកគេមានគោលដៅដូចគ្នា ។ ក្រុមទាំងពីរនេះត្រូវការបំផ្លាញប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល ហើយជ័យជម្នះរបស់អ៊ុយក្រែន និងអ៊ីស្រាអែល មានសារសំខាន់ចំពោះសន្តិសុខអាមេរិក ។
លោក ចូ បៃឌិន បញ្ជាក់ថា ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន គួរតែរស់នៅដោយភាពស្ងប់សុខ ហើយលោកក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនកិច្ចសហការដើម្បីទប់ស្កាត់អំពើឃោឃៅរបស់ក្រុមហាម៉ាស់ រួមទាំងហាមឃាត់មេដឹកនាំរុស្ស៊ី លោក ពូទីន ផងដែរ ។ លោកបន្តថា លោកកំពុងត្រៀមដាក់សំណើទៅសភាអាមេរិក ដើម្បីស្នើសុំថវិកាបន្ទាន់ប្រមាណ១សែនលានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដើម្បីគាំទ្រផ្នែកមនុស្សធម៌ និងការគ្រប់គ្រងព្រំដែនប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល ។
លោកប្រធានាធិបតីអាមេរិកបានលើកឡើងបែបនេះ ក្រោយពីលោកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលរយៈពេលខ្លី ដើម្បីបង្ហាញពីការគាំទ្រ និងសាមគ្គីជាមួយអ៊ីស្រាអែលក្នុងការតស៊ូជាមួយក្រុមហាម៉ាស់ ក៏ដូចជាចង់ជំរុញជំនួយមនុស្សធម៌ដល់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ Gaza ៕
ប្រភព ៖ Thairath










