ប្រទេសចិន ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំអំពី «ខ្សែក្រវ៉ាត់១ ផ្លូវ១» សម្រាប់កិច្ចសហការអន្តរជាតិ លើកទី៣ ។
ក្នុងឱកាសនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ចិនជាប្រទេសដំបូងគេនៅក្រៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានមកទស្សនកិច្ចជាផ្លូវការ ។ ហេតុនេះ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រដ្ឋាភិបាលថ្មីរបស់ថៃផ្តល់ភាពសំខាន់ដល់ទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង ។ ប្រទេសចិននឹងធ្វើការជាមួយថៃនាយុគសម័យថ្មីនេះ ស្របនឹងពាក្យថា «ចិន និងថៃ មិនឃ្លាតឆ្ងាយពីគ្នាទេ ហើយយើងជាបងប្អូននឹងគ្នា» ។ ចំណែកគុណសម្បត្តិនៃមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាកម្លាំងជំរុញកិច្ចសហការដើម្បីទទួលបានផលប្រយោជន៍រួមគ្នា ។
លោក ស៊ី ជិនពីង បន្តថា ភាគីទាំងពីរគួរតែពន្លឿនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ប្រទេសចិន-ថៃ និងពង្រីកកិច្ចសហការលើផ្នែកផ្សេងៗ ដូចជា សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍតំបន់បៃតង និងថាមពលថ្មី ។ លើសពីនេះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការបោកប្រាស់ និងការភ្នាល់តាមអនឡាញ ដើម្បីបង្កើតបរិស្ថានមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយក្នុងការចែករំលែកឱកាសពីទីផ្សារធំ និងការបើកចំហកម្រិតខ្ពស់របស់ខ្លួន ដើម្បីបន្ថែមថាមពលវិជ្ជមានដល់ការអភិវឌ្ឍនៅតំបន់អាស៊ី ។
ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា ប្រទេសថៃនឹងសហការជាមួយចិនដើម្បីកសាងសហគមន៍ថៃ-ចិន ដែលមានអនាគតរួមគ្នា, មានស្ថិរភាព និងនិរន្តរភាព ។ ប្រទេសថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរចិននៅប្រទេសថៃ ហើយថៃរីករាយទទួលស្វាគមន៍ក្រុមហ៊ុនចិនចូលមកវិនិយោគផងដែរ ៕ ប្រភព ៖ TNN World










