រដ្ឋបាលខេត្តក្រចេះបានជូនដំណឹងនៅថ្ងៃទី១៨ តុលា ថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ រដ្ឋបាលខេត្តនឹងរៀបចំការប្រឡងប្រណាំងទូក ង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧: ៣០នាទីព្រឹក នៅក្នុងទីរួមខេត្តក្រចេះ។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថា ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅមហោឡារឹក អធិកអធម ស្របទៅតាមប្រពៃណីជាតិ និងធានាបាន សុវត្ថិភាព រដ្ឋបាលខេត្តក្រចេះ បានស្នើដល់អភិបាលក្រុង ស្រុក ដូចខាងក្រោម៖
១-រៀបចំទូកខ្នាតអន្តរជាតិចូលរួមប្រកួត ដោយធ្វើការកែលម្អជួសជុលទូកឱ្យបានសមរម្យ។ ទូកនីមួយៗ ត្រូវតុបតែងលម្អក្បាច់រចនាឱ្យបានប្រកួត តាមរចនាបទខ្មែរពិតប្រាកដ។ ចំណុះទូកត្រៀមរៀបចំឱ្យមានសម្លៀកបំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរ។
២-ទូកដែលចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក។ ការដាក់ពាក្យចូលរួមប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ៖-ពាក្យសុំចូលរួមប្រកួត -បញ្ជីរាយនាមក្រុមកីឡាករ និង-ប្រវត្តិសង្ខេបទូកនីមួយៗ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់សាធារណជនទាំងអស់អាចចូលរួម ឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ តាមលទ្ធភាព និងសូមប្រគល់ជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំឧបត្ថម្ភដល់ទូក ង ដែលចូលរួមប្រកួតផងដែរ៕












