ប្រទេសថៃ ៖ សារព័ត៌មានថៃឈ្មោះ PPTV HD 36 បានចុះផ្សាយថា វាបានក្លាយជាព័ត៌មានល្បីមួយនៅក្នុងបណ្តាញសង្គម និងមានការចែកចាយបន្តគ្នាជាច្រើនអំពីរឿងរ៉ាវក្រុមអ្នកបើករថយន្តដឹកភ្ញៀវទេសចរនៅខេត្តភូកេត ប្រទេសថៃ នាំគ្នាវា.យត.ប់ភ្ញៀវទេសចរបរទេស ដោយសារភ្ញៀវទេសចរឱ្យថ្លៃធ្វើដំណើរមិនគ្រប់ចំនួន ។
តាមរយៈការត្រួតពិនិត្យក្នុងវីដេអូបង្ហាញថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារមួយកន្លែងក្នុងឃុំប៉ាតង ស្រុកក្រាធូ ។ នៅពេលព័ត៌មាននេះត្រូវបានចែកចាយក្នុងបណ្តាញសង្គមបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់ និងវិស័យទេសចរណ៍ប្រទេសថៃ ហើយពលរដ្ឋថៃក៏បានរិះគន់អំពីការប្រព្រឹត្តមិនគប្បីរបស់មនុស្សមួយក្រុមនេះផងដែរ ។
ក្រោយពីសមត្ថកិច្ចប្រចាំឃុំប៉ាតងបានឃើញវីដេអូវាយភ្ញៀវទេសចរបរទេស ក៏បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅតំបន់នេះភ្លាមៗ ។ សមត្ថកិច្ចឱ្យដឹងថា ជនបង្កហេតុ គឺជាអ្នកបើករថយន្តដឹកភ្ញៀវទេសចរក្នុងតំបន់នេះ រីឯភ្ញៀវទេសចរដែលត្រូវបានគេវាយនោះមកពីប្រទេសអារ៉ាប៊ី សាអូឌីត ។ ប៉ុន្តែក្រោយពីត្រូវគេវាយរួច ភ្ញៀវទេសចររូបនេះមិនបានទៅប្តឹងសមត្ថកិច្ចទេ ។![]()
តាមរយៈការត្រួតពិនិត្យដំបូងបង្ហាញថា អ្នកបើករថយន្តដឹកភ្ញៀវទេសចរ គឺឈ្មោះ លោក អនុសន អាយុ២៩ឆ្នាំ និងមានបក្ខពួកចំនួន២នាក់ទៀតបានរួមគ្នាវាយត.ប់ភ្ញៀវទេសចរបរទេស ក្នុងនោះម្នាក់ឈ្មោះ លោក អភិស៊ីត អាយុ២៦ឆ្នាំ និងលោក ណាស់ប៊ូឡ អាយុ២៨ឆ្នាំ ។ ជនបង្កហេតុទាំង៣នាក់ប្រកបមុខរបរជាអ្នកបើករថយន្តដឹកភ្ញៀវទេសចរ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួចរាល់ហើយ ។
ជនបង្កហេតុឈ្មោះ អនុសន ប្រាប់ថា មុនដំបូង ខ្លួនបានបើករថយន្តទៅទទួលភ្ញៀវទេសចរខាងលើមកពីផ្លូវរ៉ាជអុទិស ហើយភ្ញៀវទេសចររូបនេះប្រាប់ថា ឱ្យខ្លួនដឹកទៅកាន់សណ្ឋាគារនៅម្តុំវៀនកាលីន និងយល់ព្រមថា នឹងឱ្យថ្លៃដឹកចំនួន២០០បាត ។ ប៉ុន្តែនៅពេលខ្លួនដឹកភ្ញៀវទេសចរទៅដល់សណ្ឋាគារដែលបានប្រាប់នោះ ស្រាប់តែភ្ញៀវទេសចរនិយាយថា មិនមែនជាកន្លែងស្នាក់នៅទេ ហើយក៏ឱ្យខ្លួនដឹកទៅសណ្ឋាគារមួយទៀតឈ្មោះ អមតៈ ។ ដូច្នេះ ខ្លួនក៏បានគិតប្រាក់បន្ថែមទៀត សរុបស្មើនឹង៤០០បាត ប៉ុន្តែភ្ញៀវទេសចរឱ្យប្រាក់តែ៣០០បាតប៉ុណ្ណោះ ទើបមានការឈ្លោះប្រកែកគ្នាឡើង ។
ក្រោយមក ជនបង្កហេតុឈ្មោះ អនុសន ក៏បានទូរស័ព្ទហៅបក្ខពួកមកជួយ ដោយសារភ្ញៀវទេសចរបានយកកូនសោររថយន្តរបស់ខ្លួន ។ ហេតុនេះ ខ្លួន និងបក្ខពួក២នាក់ទៀតអត់ធ្មត់លែងបាន ក៏នាំគ្នាវាយភ្ញៀវទេសចររូបនេះតែម្តងទៅ ។ សមត្ថកិច្ចចោទប្រកាន់ថា ជនទាំង៣នាក់នេះបានរួមគ្នាវា.យដំរាងកាយភ្ញៀវទេសចរ ហើយសមត្ថកិច្ចនឹងចាត់ការពួកគេតាមផ្លូវច្បាប់ ។ លើសពីនេះ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ការិយាល័យដឹកជញ្ជូនប្រចាំខេត្តភូកេត ដើម្បីដកប័ណ្ណបើកបរពួកគេផងដែរ ៕ ប្រភព ៖ PPTV HD 36










