ប្រទេសថៃ ៖ ក្រោយពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងគោលនយោបាយនៅរដ្ឋសភា និងចាប់ផ្តើមបំពេញការងារថ្ងៃដំបូងរបស់លោកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកនឹងបំពេញការងារដោយមិនខ្លាចនឿយហត់ ។
ខាងក្រុមនេះ គឺជាការងារសំខាន់ៗចំនួន៥ របស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មី ៖
១-កាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅ ៖ ជំហានដំបូង រដ្ឋាភិបាលថៃនឹងបញ្ចុះតម្លៃអគ្គិសនី, បញ្ចុះតម្លៃហ្គាសសម្រាប់ចម្អិនអាហារ និងបញ្ចុះតម្លៃប្រេងម៉ាស៊ូត ដោយតម្លៃមិនលើសពី៣០បាតក្នុង១លីត្រ ។
២-ទាក់ទាញវិនិយោគិននៅលើពិភពលោក ៖ លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសមាជអង្គការសហប្រជាជាតិ ហើយលោកបានជជែកជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនធំៗដូចជា លោក Elon Musk, ក្រុមហ៊ុន Microsoft, Google និងក្រុមហ៊ុនជាច្រើនទៀត ។
៣-ជំរុញការទំនាក់ទំនងជាមួយប្រទេសនានា ៖ លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា, ព្រុយណេ, ម៉ាឡេស៊ី, សិង្ហបុរី, ហុងកុង និងចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីថៃ ក៏មានគម្រោងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ ដើម្បីពិភាក្សាអំពីគម្រោង «ខ្សែក្រវ៉ាត់១ ផ្លូវ១ ឬ One Belt one Road» ហើយលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំ ASEAN-GCC Economic Cooperation (GCC) ។
៤-ជួយកសិករផ្អាកការសងបំណុលធនាគារ ៖ រដ្ឋាភិបាលថៃបានប្រកាសឱ្យកសិករផ្អាកសងបំណុលធនាគាររយៈពេល៣ឆ្នាំ, បង្កើនប្រាក់ចំណូលកសិករ, ជំរុញ Soft Power, ដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដោយសារបាតុភូតអេលនីណូ ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកនឹងជំរុញឱ្យជីវភាពពលរដ្ឋថៃបានល្អប្រសើរជាងមុន ហើយក៏មានការអញ្ជើញនាយកគ្រប់គ្រងធនាគារប្រទេសថៃមកចូលរួមពិភាក្សាផងដែរ ។
៥-ជំរុញវិស័យទេសចរណ៍ ៖ គោលនយោបាយចម្បងក្នុងការជំរុញវិស័យទេសចរណ៍ គឺការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដើម្បីជួយឱ្យសេដ្ឋកិច្ចប្រទេសថៃល្អប្រសើរឡើង គឺអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ លើសពីនេះ រដ្ឋាភិបាលថៃក៏មានគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋថៃក្នុងម្នាក់ចំនួន១ម៉ឺនបាតផងដែរ ។
នៅពេលលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ លោកបានជួបនឹងហេតុការណ៍ធំៗដូចជា ការបា.ញ់ប្រហា.រនៅ Siam Paragon, ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ និងសង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន ។ ភាគីនានាកំពុងសង្កេតមើលថា តើរដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន នឹងដោះស្រាយរឿងរ៉ាវទាំងអស់នេះដោយរបៀបណា ? ប្រភព ៖ chiangmai news










