បុណ្យកឋិន គឺជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។
កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទទូទៅ តែងនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពុទ្ធបរិស័ទមួយចំនួនក៏បានយកបច្ច័យ (ថិវការ) ធ្វើជាទេយ្យទានផងដែរ។
បើតាមព្រះវិន័យ សម្រាប់វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។
ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ ដោយតម្រូវឱ្យម្ចាស់កឋិននីមួយៗ ហែរចូលវត្តនៅក្នុងថ្ងៃតែមួយ។ និយាយឱ្យងាយស្រួលយល់ វត្តមួយ ធ្វើបុណ្យកឋិនប៉ុន្មានក៏បានដែរ ឱ្យតែនៅក្នុងថ្ងៃតែមួយ។
សូមបញ្ជាក់ថា បុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕











