បរទេស៖ បុរសជនជាតិអាហ្វ្រិកម្នាក់ឈ្មោះ Callitxe Nzamwita អាយុ ៧១ ឆ្នាំបានរស់នៅក្នុងផ្ទះដាច់ស្រយាលមួយដែលហ៊ុំព័ទ្ធដោយរបងកម្ពស់ ៤.៥ ម៉ែត្រអស់រយៈពេល ៥៥ ឆ្នាំមកហើយ ដោយសារតែភាពស្និទ្ធស្នាលជាមួយស្ត្រីធ្វើឱ្យគាត់ភ័យខ្លាច។
លោក Callitxe Nzamwita បានសំងំលាក់ខ្លួននៅក្នុងផ្ទះតាំងពីគាត់មានអាយុត្រឹមតែ ១៦ ឆ្នាំមកម្លេះ នៅពេលដែលគាត់មានភាពភ័យខ្លាចចំពោះស្ត្រីគឺខ្លាំងពេកមិនអាចទ្រាំបាន។ គាត់មិនអាចឈរនៅក្បែរសមាជិកភេទផ្ទុយបានទេ កត្តានេះធ្វើឱ្យលោក Callitxe បដិសេធមិនរៀបការជារៀងរហូត ហើយបានសង់របងឈើជុំវិញផ្ទះដ៏សមរម្យរបស់គាត់ នឹងមិនបានដើរចេញក្រៅផ្ទះតាំងពីពេលនោះមក។ ដោយលោក Callitxe បាននិយាយថា រាល់ពេលដែលលោកបានឃើញស្ត្រីម្នាក់ពីចម្ងាយ លោកនឹងរត់ចូលទៅក្នុងផ្ទះហើយចាក់សោរខ្លួនឯងនៅក្នុងបន្ទប់របស់លោកគ្រប់ពេលវេលា។
នៅពេលដែលសមាជិកគ្រួសាររបស់លោក Nzamwita បានទទួលមរណភាពអស់ទៅ បុរសវ័យ ៧១ ឆ្នាំរូនេះនៅតែបន្តលាក់ខ្លួនរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានស្ត្រីនៃសហគមន៍ម្នាក់តែងតែមើលថែគាត់ ដោយបានបោះរបស់របរគ្រប់ប្រភេទដូចជាអាហារ និងសំលៀកបំពាក់ចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ទោះបីជាគាត់មិនបានបើកទ្វារឱ្យគេចូល ប៉ុន្តែគាត់នៅតែប្រើរបស់ដែលគេឱ្យគាត់។ ស្ត្រីអ្នកជិតខាងម្នាក់បាននិយាយថា គាត់កម្របានឃើញបុរសវ័យ ៧១ ឆ្នាំម្នាក់នេះចាកចេញពីផ្ទះតាំងពីគាត់នៅក្មេងមកម្លេះ។
យោងតាមវេជ្ជបណ្ឌិតដែលបានធ្វើរោគវិនិច្ឆ័យលោក Callitxe Nzamwita បានឱ្យដឹងថា បុរសអាហ្វ្រិកវ័យ ៧១ ឆ្នាំម្នាក់នេះបានកើតជំងឺរោគស្ត្រីដែលជាលក្ខខណ្ឌដ៏កម្រមួយ។ ហេតុនេះហើយមនុស្សប្រុសដែលកើតរោគស្ត្រី តែងមានរោគសញ្ញាដូចជា មានការភ័យស្លន់ស្លោ តឹងទ្រូង បែកញើស ចង្វាក់បេះដូងលោតញាប់ ពិបាកដកដង្ហើម ហើយថែមទាំងមានរោគសញ្ញានៃការឈឺពោះ ឬអស់កម្លាំង ដួលសន្លប់ជាដើម៕










