ប្រទេសវៀតណាម ៖ អាជ្ញាធរផ្លូវថ្នល់វៀតណាមបានស្នើទៅកាន់ក្រសួងគមនាគមន៍ឱ្យលើកកម្ពស់ និងកែលម្អផ្លូវជាតិ ដែលតភ្ជាប់រវាងប្រទេសវៀតណាមជាមួយតំបន់ភាគខាងជើងប្រទេសឡាវ និងចិន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន ។ លើសពីនេះ វាជាការពង្រឹងការតភ្ជាប់តាមច្រករបៀងសេដ្ឋកិច្ចខាងកើត និងខាងលិច ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងពីរផងដែរ ។
ផ្លូវជាតិចំនួន៣ខ្សែនឹងទទួលបានការកែលម្អឱ្យមានគន្លងចរាចរណ៍ចំនួន២, មានភាពធំទូលាយជាងមុន និងមានស្តង់ដារបច្ចេកទេស ដូចជា ៖ ផ្លូវជាតិលេខ២៧៩ នៅត្រង់បរិវេណព្រំដែន Dien Bien-Tay Trang ក្នុងខេត្ត Dien Bien ។ ផ្លូវជាតិលេខ៤H និងផ្លូវជាតិលេខ២១៧ ដែលមានប្រវែង៥២គីឡូម៉ែត្រពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវល្បឿនលឿនហូជីមិញ នៅខេត្ត Thanh Hoa ។
នៅពេលការកែលម្អផ្លូវជាតិលេខ២១៧ បញ្ចប់ជាស្ថាពរ វានឹងផ្តល់ជាប្រយោជន៍សម្រាប់បង្កើនកម្រិតការធ្វើពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងឡាវ តាមរយៈច្រកព្រំដែន Na Meo ក៏ដូចជាតភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូននៅតំបន់ភាគខាងជើង និងខាងត្បូង ព្រមទាំងកំពង់ផែក្នុងតំបន់ទៀតផង ។
ការវិនិយោគគម្រោងនេះ នឹងអាចបំពេញតម្រូវការសម្រាប់ការដឹកជញ្ជូនកើនឡើង, កាត់បន្ថយចម្ងាយផ្លូវរវាងច្រកព្រំដែន និងកំពង់ផែ ព្រមទាំងជួយកាត់បន្ថយពេលវេលាក្នុងការបើកបររថយន្ត ។ ហេតុនេះ វាអាចជួយកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន, កាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។ គម្រោងលើកកម្ពស់ និងកែលម្អផ្លូវជាតិនេះ នឹងអនុវត្តរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៩ ៕
ប្រភព ៖ AEC connect










