ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់ព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមាន១១ជំពូក និង២៦មាត្រា ស្តីអំពីបទប្បញ្ញត្តិនៃគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា។
នៅក្នុងព្រះរាជក្រឹត្យនោះ ក៏បានបញ្ជាក់នូវការបញ្ចប់គោរមងារឧកញ៉ាទៅលើបុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តិករណីណាមួយដូចខាងក្រោម៖
- គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
- គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
- វន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ
- ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២នៃព្រះរាជក្រឹត្យនេះ
- ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ
សូមបញ្ជាក់ផងដែរថាលំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖
- លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
- លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
- លំដាប់ថា្នក់ទី៣ ឧកញ៉ា











