ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស និងជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ។
មិនត្រឹមតែមានកោះឆ្នេរ ដ៏ស្រស់ស្អាតទេ ខេត្តនេះក៏មានកន្លែងទេសចរណ៍ផ្សេងទៀត ក្រៅពីសមុទ្រ ដ៏ច្រើនផងដែរ។ ហេតុដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅទស្សនាខេត្តកោះកុង នាឱកាសបុណ្យភ្ជុំបិណ្ឌ គួរណាស់តែទៅកម្សាន្តកន្លែងទាំង៥នេះ៖
• ចេតិយឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ
• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕










