រដ្ឋធានីមូស្គូ៖ ក្រោយការចាប់ផ្ដើមបើកឆាកសង្គ្រាម នាថ្ងៃដំបូង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការផ្ដួលរំលំរបបក្រុងកៀវ យ៉ាងយូរចន្លោះត្រឹមតែ ពី២៤ម៉ោង ទៅ២៨ម៉ោងប៉ុណ្ណោះ ហើយឥឡូវនេះ គាត់បានព្យាករជាថ្មី ដល់ជោគវាសនារបស់អ៊ុយក្រែន ត្រឹមតែរយៈពេល១សប្ដាហ៍ ប្រសិនបើលោកខាងលិច បញ្ឈប់ផ្ដល់ជំនួយយោធា។![]()
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្យាករ ស្របពេលមានការព្រួយបារម្ភ អំពីអនាគត នៃការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ចំពេលមានភាពចលាចលនយោបាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ ថា អ៊ុយក្រែន មិនអាចរស់បាន លើសពី «១សប្តាហ៍» បើគ្មានជំនួយផ្នែកយោធា និង ហិរញ្ញវត្ថុរបស់បស្ចិមប្រទេស។ ការអះអាងបែបនេះ បានធ្វើឡើង នៅថ្ងៃតែមួយ ស្របពេលមន្ត្រីសហភាពអឺរ៉ុប បានព្រមាន ថា ប្លុកនេះមិនអាចជំនួសគម្លាតថវិកាបាន ប្រសិនបើការគាំទ្រ ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដោយគ្មានសហរដ្ឋអាមេរិក ចូលរួម។
មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានធ្វើអត្ថាធិប្បាយរបស់គាត់ លើការផ្តល់មូលនិធិរបស់លោកខាងលិច សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែការភ័យខ្លាច ថា នឹងកើនឡើង ដោយភាពចលាចលនយោបាយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ បញ្ហានេះ អាចនឹងប៉ះពាល់ដល់ជំនួយផ្នែកយោធា និង មនុស្សធម៌ដ៏សំខាន់ ដែលក្រុងកៀវ ទាមទារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសារភាព នៅសប្តាហ៍នេះថា គាត់បារម្ភ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន អាចនឹងថយចុះ៕










