ក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញកាលពីរសៀលថ្ងៃទី៥ ខែតុលា ប្រធាននាយកដ្ឋានព័ត៌មានវៀតណាមបាននិយាយថា អង្គភាពតែងតែពិនិត្យលើបណ្តាញសង្គមឃ្លាំមើលទៅលើគណនីដែលរាយការណ៍ព័ត៌មានមិនពិត រួមទាំងសិល្បករ សិល្បការិនី។ទីភ្នាក់ងារគ្រប់គ្រងបាននិយាយថា សិល្បករ និងតារាល្បីៗដែលផ្សាយពាណិជ្ជកម្មមិនពិតនឹងត្រូវបានដាក់ក្នុង “បញ្ជីខ្មៅ” ហើយនឹងត្រូវបានរឹតបន្តឹងពីការសហការជាមួយម៉ាកយីហោ។ 

លោក Nguyen Thanh Hoa ប្រធាននាយកដ្ឋានព័ត៌មាន បាននិយាយថា «ក្រសួងព័ត៌មាន និងទំនាក់ទំនងក៏បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីបង្កើតបញ្ជីពីរ គឺស និងខ្មៅ ជាពិសេសបញ្ជីខ្មៅ។ លោកបានបន្ថែមទៀតថាការបង្កើតនេះជាមធ្យោបាយមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីឱ្យនៅលើប្រព័ន្ធអនឡាញមិនច្របូលច្របល់ទទួលព័ត៌មានលើសពីការពិត។ បទប្បញ្ញត្តិសម្រាប់គ្រប់គ្រងគណនីដែលបំពានព័ត៌មាននៅលើបណ្តាញសង្គមត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។

ប្រធានការិយាល័យមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានឱ្យដឹងថា នាពេលថ្មីៗនេះ ទីភ្នាក់ងារគ្រប់គ្រងបានខិតខំប្រឹងប្រែងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អ្នកនិពន្ធ និងសិល្បករ។ យោងតាមមាត្រា ៩ នៃក្រមសីលធម៌សម្រាប់សិល្បករ នៅពេលចូលរួមក្នុងសកម្មភាពផ្សាយពាណិជ្ជកម្ម តារាល្បីៗ “ត្រូវធានាឱ្យមានការផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងច្បាស់លាស់អំពីការប្រើប្រាស់ និងលក្ខណៈពិសេស” នៃផលិតផល និងទំនិញស្របតាមច្បាប់ ជាពិសេសផលិតផលនៅក្នុង វិស័យសុខាភិបាល អប់រំ និងបរិស្ថាន”។

គួរបញ្ជាក់ថា កាលពីខែកញ្ញា កន្លងមកនេះសិល្បការិនី Cat Tuong បាននិយាយថាផលិតផលទឹកដោះគោអាចជំនួសថ្នាំព្យាបាលជំងឺទឹកនោមផ្អែមបាន។ ក្រោយនិយាយបែបនេះធ្វើឱ្យប្រជាជនវៀតណាមរិះគន់យ៉ាងខ្លាំង ខណៈតារាសម្តែងវ័យ៤៥ឆ្នាំរូបនេះចេញមកទទួលស្គាល់កំហុសរបស់ខ្លួនផងដែរក្នុងការប្រើកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃផលិតផល៕