សហរដ្ឋអាមេរិក និងរុស្ស៊ីបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នតាមបណ្តាញផ្សេងៗនៅទូទាំងប្រទេស ដើម្បីឱ្យអាជ្ញាធរបានត្រៀមខ្លួន និងឱ្យពលរដ្ឋបានដឹងព័ត៌មាន ព្រមទាំងស្វែងរកវិធីយករួចខ្លួនពីហេតុការណ៍គ្រោះថ្នាក់ ។ នៅពេលមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង ប្រព័ន្ធប្រកាសអាសន្ននេះនឹងបន្លឺសំឡេងឡើងនៅលើទូរស័ព្ទចល័ត និងបណ្តាញផ្សេងទៀតនៅទូទាំងប្រទេស ។

ការិយាល័យសង្គ្រោះបន្ទាន់ប្រចាំសហរដ្ឋអាមេរិកបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តាមរយៈបណ្តាញទូរស័ព្ទចល័ត, ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុនានា ។ ការិយាល័យសង្គ្រោះបន្ទាន់ប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា គោលបំណងចម្បងរបស់ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នលើកនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការប្រកាសអាសន្នទៅដល់ពលរដ្ឋ រហូតដល់ភ្នាក់ងារចាត់ការគ្រោះអាសន្នផ្សេងៗ ព្រមទាំងផ្តោតទៅលើការប្រកាសអាសន្ននៅទូទាំងប្រទេស ។Test of US emergency system to briefly hit cellphones, TV, radios | Reuters

ចំណែកនៅប្រទេសរុស្ស៊ីវិញ ក៏បានសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នដូចគ្នាដែរ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។ ក្រសួងការងារគ្រោះអាសន្នរបស់រុស្ស៊ីលើកឡើងថា ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ននេះ ដើម្បីឱ្យអាជ្ញាធរបានត្រៀមខ្លួន ព្រោះអាជ្ញាធរត្រូវទទួលខុសត្រូវពេលមានហេតុការណ៍មិនល្អកើតឡើង ក៏ដូចជាផ្តល់ដំណឹងឱ្យពលរដ្ឋបានដឹងផងដែរ ។ គេនឹងធ្វើការប្រកាសអាសន្នជាសាធារណៈនៅពេលមានហេតុការណ៍អាក្រក់កើតឡើងដូចជា ការគំរាមកំហែងដល់សន្តិសុខជាតិ, គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងមនុស្ស ។

ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នរបស់រុស្ស៊ីលើកនេះ មានដូចជា ការបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្ន និងការប្រកាសអាសន្នតាមរយៈស្ថានីយទូរទស្សន៍នៅទូទាំងប្រទេសរុស្ស៊ី ។ រុស្ស៊ីបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នតាំងពីឆ្នាំ២០២០ មកម៉្លេះ ព្រមទាំងមានការសាកល្បងប្រព័ន្ធនេះចំនួន២លើកក្នុង១ឆ្នាំ ៕Russia tests public warning system ប្រភព ៖ Mono News