បន្ទាប់ពីមានរូបភាពចែកចាយពេញបណ្តាញសង្គម ក្រសួងអប់រំ យុវវជននិងកីឡា បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែតុលា ដោយបានបញ្ជាក់ថាដោយសារតែមានធ្លាក់ភ្លៀងយ៉ាងគំហុកធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ជាមួយគ្នានេះក្រសួងបានសម្រេចសាងសង់អាគារសិក្សាថ្មី១ខ្នងទៀតដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។

ករណីខាងនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់, និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការនិងបណ្ណាល័យជាដើម។

ក្រសួងសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចសាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។ ក្រសួងបានបន្ថែមទៀតថាដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើនហើយក្តី៕