រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏ដូចជា មេដឹកនាំចិន បានចងក្រងប្រទេសចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង បង្កើតជាប្លុកមួយ ហៅ «BRICS» ដើម្បីជំរុញឲ្យសេដ្ឋកិច្ច កាន់តែមានសន្ទុះខ្លាំងក្លាឡើង ហើយអ្វីដែលជាគោលបំណងដ៏សំខាន់នោះ គឺ ប្លុកថ្មី ដែលហៅខ្លួនឯង ជា លោកខាងត្បូង ចង់ធាក់ប្រាក់ដុល្លារអាមេរិក ចោល ប៉ុន្ដែឥឡូវប្រាក់ដុល្លារអាមេរិក នៅតែបន្ដឡើងថ្លៃ លើសពីលុយរបស់ប្រ៊ីកស៍។![]()
សារព័ត៌មាន Watch Guru បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៤ ខែតុលា ថា ប្រាក់ដុល្លារអាមេរិក កំពុងតែកើនឡើងដល់កម្រិតខ្ពស់ថ្មី បើធៀបនឹងរូបិយប័ណ្ណ BRICS ទាំងអស់ នៅក្នុងទីផ្សារប្តូរប្រាក់បរទេស។ ប្រាក់ដុល្លារ បានធ្វើឱ្យប្រាក់យន់របស់ចិន ប្រាក់រូពីឥណ្ឌា និង រូបិយប័ណ្ណរុស្សី នៅក្នុងចំណោមរូបិយប័ណ្ណផ្សេងៗទៀត ចុះថោក ហើយប្រាក់ដុល្លារកំពុងតែកើនឡើង ដល់កម្រិតខ្ពស់ ប្រចាំសប្តាហ៍ថ្មី។ ការកើនឡើង នៃប្រាក់ដុល្លារអាមេរិក ក៏កំពុងតែធ្វើឱ្យមាស ធ្លាក់ថ្លៃផងដែរ ដោយសារលោហៈដ៏មានតម្លៃមួយនេះ បានធ្លាក់ចុះទាប ប្រចាំខែ កាលពីសប្តាហ៍មុន។
ប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃ ដល់កម្រិតខ្ពស់ នៅក្នុងរយៈពេល១០ខែ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា។ ម្យ៉ាងវិញទៀត មាសបានធ្លាក់ថ្លៃ មកនៅកម្រិតទាប នៅក្នុងរយៈពេលប្រាំពីរខែ បើធៀបនឹងប្រាក់ដុល្លារ បានកើនឡើង កាលពីថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។ មាសបានធ្លាក់ថ្លៃ ១ភាគរយ នៅថ្ងៃទី១ ខែតុលា ដោយបានធ្លាក់ចុះដល់កម្រិតទាប នៅខែមីនា ឆ្នាំ២០២៣ ។
លើសពីនេះ មូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់ នៅក្នុងរយៈពេល១៦ឆ្នាំមកនេះ បើទោះជាសម្ពន្ធភាព BRICS ហ៊ានបោះលុយ១២៣ពាន់លានដុល្លារ នៅក្នុងមូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ។
របាយការណ៍ បញ្ជាក់ ថា ធនាគារបម្រុង នៃប្រទេសឥណ្ឌា (RBI) គ្រប់គ្រងលើធនាគារនានា គាំទ្រដោយរដ្ឋ បានបោះចោលប្រាក់ដុល្លារ នៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កំពុងតែនូវរក្សាភាពរឹងមាំ ខណៈទិន្នន័យ CPI កាលពីខែមុន បានចេញមក គឺល្អជាងការរំពឹងទុក។ ទីផ្សារការងារ កំពុងតែបើកចំហ សម្រាប់ការងារថ្មី ដែលទទួលសម្ពាធពីសេដ្ឋកិច្ចដែលមានបន្ទុក។
ប្រាក់ដុល្លារអាមេរិក បានដំណើរការល្អលើសពីការរំពឹងទុក ថ្វីបើប្រឈមមុខនឹងការវាយលុកយ៉ាងធ្ងន់ធ្ងរពី BRICS ដែលរារាំងដល់ការចាយវាយ នៅក្នុងប្លុករបស់ខ្លួនយ៉ាងណាក្ដី។ បើទោះជាយ៉ាងណាក៏ដោយ BRICS បានបញ្ជាក់ ថា គំនិត នៃការធ្វើឱ្យប្រាក់ដុល្លារអស់ឥទ្ធិពលនេះ គឺជាគោលដៅដ៏យូរអង្វែង។ ដូច្នេះ ប្រាក់ដុល្លារអាមេរិក ត្រូវតែទប់ទល់នឹងការសាកល្បង នៅក្នុងរយៈពេលនេះ ព្រោះរូបិយប័ណ្ណផ្សេងៗទៀត មើលទៅ ចង់ផ្ដួលប្រាក់ដុល្លារ ចេញពីរូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
បណ្ដាមេដឹកនាំប្រទេសធំៗ ចំនួន៥ នៅលើពិភពលោក រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) បានផ្ដួចផ្ដើមគំនិត ចងក្រងគ្នា បង្កើតជាប្លុកថ្មីមួយ ហៅ BRICS (ប៊្រីកស៍) នៅក្នុងគោលបំណង ផ្ដោតយ៉ាងខ្លាំងលើសេដ្ឋកិច្ច និង ការបន្ថោក ឬ លែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ប៉ុន្ដែរហូតមកដល់ពេលនេះ រូបិយប័ណ្ណដុល្លារ នៅតែបន្ដឡើងថ្លៃ។
បើតាម Statista បានឲ្យដឹង ថា BRICS មានប្រជាជន សរុប ៣,២ពាន់លាននាក់ ឬស្មើនឹង៤៧ភាគរយ នៃចំនួនប្រជាជន នៅលើពិភពលោក។ ប៉ុន្ដែប្លុកមួយនេះ មានផលិតផលក្នុងស្រុកសរុប (GDP) មានត្រឹមតែ២៧,៦ពាន់ពាន់លានដុល្លារអាមេរិក ($27.6 trillion in 2023) នៅឆ្នាំ២០២៣ ឬ ស្មើនឹងប្រហែល៣៦ នៃ GDP សរុបរបស់ពិភពលោក ហើយមានចំនួនច្រើន GDP របស់សហរដ្ឋអាមេរិក តែបន្ដិចបន្ដួចប៉ុណ្ណោះ។
ផ្ទុយទៅវិញ ប្លុក G7 របស់លោកសេរី រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក មានប្រជាជន សរុបត្រឹមតែប្រហែល ៧៧០លាននាក់ ឬស្មើនឹងប្រហែល ត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបរបស់ពិភពលោក។ ប៉ុន្ដែប្លុក G7 នេះ មានផលិតផលក្នុងស្រុកសរុប ៤៥,៩ពាន់ពាន់លានដុល្លារអាមេរិក (45.9 trillion U.S. dollars) ឬ ស្មើនឹងប្រហែល ៤០ភាគរយ នៃ GDP សរុបរបស់ពិភពលោក។
ក្រុមអ្នកជំនាញមួយចំនួន បានផ្ដល់ជាទស្សនៈផ្ទាល់ខ្លួន ថា ប្លុក G7 ជាប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនបំផុត នៅលើពិភពលោក និង ប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យសេរី ហើយមានសម្ពន្ធមិត្ត សុទ្ធតែប្រទេសរីកចម្រើនខាងសេដ្ឋកិច្ច។ ផ្ទុយស្រឡះពីប្លុក BRICS គឺមានសម្ពន្ធមិត្តមួយចំនួន ជាប្រទេសមានសេដ្ឋកិច្ច នៅមិនទាន់រឹងមាំខ្លាំងនៅឡើយ ហើយសូម្បីតែ GDP របស់សហរដ្ឋអាមេរិក ត្រឹមតែមួយប្រទេស មានទំហំប្រហាក់ប្រហែលនឹង GDP របស់ BRICS ទៅហើយ។ អ៊ីចឹង ការចង់ទាត់ចោលប្រាក់ដុល្លារ ឬ ការលែងទទួលយកប្រាក់ដុល្លារ ក៏ដូចជាការយកឈ្នះលើប្រាក់ដុល្លារ ពិតជារឿងពិបាកបំផុត៕










