ករណីនិស្សិតពេទ្យពីរនាក់ដែលបានស្លាប់នៅតំបន់ទេសចរណ៍ជីផាត កាលពីចុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ពុំមែនដោយសារការលង់ទឹកនោះទេ តែជាករណីមនុស្សឃាត នេះបើយោងតាមសមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការខេត្តកោះកុង។

សមត្ថកិច្ច ជំនាញបានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ឌុក វណ្ណី ជាម្ចាស់ទីតាំងឈ្មោះជំរុំសត្វភេ ដែលក្រុមជនរងគ្រោះទាំងពីរនាក់ស្នាក់នៅបោះតង់ នៅមុនពេលពួកគេស្លាប់ នៅក្នុងតំបន់ទេសចរណ៍ជីផាតស្ថិតនៅក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ជនត្រូវចោទឈ្មោះ ឌុក វណ្ណី ត្រូវបានតុលាការខេត្តកោះកុងសម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមបទចោទមនុស្សឃាតដោយអចេតនា យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចនគរបាលជំនាញកោសលវិច័យ បានសន្និដ្ឋានថាជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទពេជ្រ និងជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត បានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីហើយធ្លាក់ចូលក្នុងទឹក ដែលផ្ដើមចេញពីការតបណ្ដាញអគ្គិសនីធ្វេសប្រហែសរបស់ជនត្រូវចោទជាម្ចាស់ទីតាំងឈ្មោះ ឌុក វណ្ណី។

នៅលើដងខ្លួនរបស់ជនរងគ្រោះឈ្មោះហេង សុវណ្ណច័ន្ទពេជ្រ មានឈាមហូរតាមច្រមុះ តាមមាត់ និងតាមត្រជៀក។ចំណែកជនរងគ្រោះឈ្មោះ ខាត់ ប៊ុនណារ៉េត មានឈាមហូរលើផ្ទៃមុខ តាមច្រមុះ តាមភ្នែក មានស្នាមរបួសលើបបូមាត់ មានស្នាមរបួសធ្លុះទៅក្នុងនៅចំណុចគល់ភ្នែកខាងឆ្វេងដូចជាមានមុតរបស់រឹង មានស្នាមសន្លាកជាំត្រង់កផ្នែកខាងមុខ និងមានស្នាមរលាត់ស្បែកប្រអប់ដៃឆ្វេង៕