ប្រទេសម៉ាឡេស៊ី ៖ នាយកដ្ឋានបរិស្ថានម៉ាឡេស៊ីបានរាយការណ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ថា គុណភាពអាកាសធាតុរបស់ម៉ាឡេស៊ីកាន់តែអាក្រក់ ជាពិសេស នៅតំបន់ភាគខាងលិចចំនួន១១ មានសន្ទស្សន៍បំពុលខ្យល់ (API) ក្នុងកម្រិតធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ គេរាយការណ៍ថា នៅថ្ងៃទី៣ ខែតុលា អាកាសធាតុនៅតំបន់ចំនួន៣ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋជាខ្លាំង ។
នាយកដ្ឋានបរិស្ថានម៉ាឡេស៊ីឱ្យដឹងថា វិធានការភ្លៀងសិប្បនិម្មិត និងវិធានការណ៍ផ្សេងទៀតនឹងអនុវត្តនៅពេលសន្ទស្សន៍បំពុលខ្យល់ (API) កើនឡើងខ្ពស់រហូតដល់១៥០ លើសពី២៤ម៉ោង ។ ក្រៅពីនេះ សាលារៀននានាត្រូវតែផ្អាកសកម្មភាពទាំងអស់នៅកណ្តាលថ្ងៃក្តៅ នៅពេលកម្រិត API កើនឡើងដល់១០០ ហើយសាលារៀននានាត្រូវបិទទ្វារនៅពេលកម្រិត API កើនឡើងដល់២០០ ។
មន្ត្រីម៉ាឡេស៊ីបន្ទោសថា ភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានផ្សែងអ័ព្ទគ្របដណ្តប់មកលើប្រទេសម៉ាឡេស៊ី ។ មន្ត្រីម៉ាឡេស៊ីបន្តថា គេបានត្រួតពិនិត្យឃើញតំបន់ក្តៅខ្លាំង រួមទាំងភ្លើងឆេះព្រៃនៅកោះសូម៉ាត្រា និងកោះបូណេអូ ផងដែរ ។
ចំណែកប្រទេសឥណ្ឌូណេស៊ីបដិសេធថា មិនបានប្រទះឃើញផ្សែងអ័ព្ទពីឥណ្ឌូណេស៊ីរសាត់តាមព្រំដែនទៅកាន់ម៉ាឡេស៊ីទេ ។ ប្រទេសឥណ្ឌូណេស៊ីនៅតែព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា និងតំបន់ខ្លះនៅកោះបូណេអូ ដែលបណ្តាលឱ្យមានផ្សែងអ័ព្ទគ្របដណ្តប់លើទីក្រុងជាច្រើនរបស់ឥណ្ឌូណេស៊ី ។
នៅឆ្នាំ២០២៣ រដូវប្រាំងនៅប្រទេសឥណ្ឌូណេស៊ីបានបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំងបំផុត គិតចាប់តាំងពីឆ្នាំ២០១៩ ដោយសារឥទ្ធិពលបាតុភូតអេលនីណូ និងភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីក្នុងតំបន់ជាង២៦៧.៩០០ហិកតា ។ ចំនួននេះ គឺលើសចំនួនភ្លើងឆេះព្រៃពេញមួយឆ្នាំនៅឆ្នាំ២០២២ ដែលស្មើត្រឹមតែ២០៤.៨៩៤ហិកតាប៉ុណ្ណោះ ៕ ប្រភព ៖ nation










