សាវម៉ាវ គឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយវាត្រូវបានគេស្គាល់ថា មានរសជាតិផ្អែមឆ្ងាញ់ពិសា និងពេញនិយមខ្លាំងក្នុងទីផ្សារ។ ក្រៅពីមានរសជាតិឆ្ងាញ់ សាវម៉ាវក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្បូរបែបចំពោះសុខភាពផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែសាវម៉ាវ ដែលអ្នកមិនគួរមើលរំលង៖
១.កាត់បន្ថយជំងឺមហារីក៖ តាមការសិក្សាលើកោសិកា និងសត្វមួយចំនួនបានរកឃើញថាសមាសធាតុនៅក្នុងសាវម៉ាវអាចជួយការពារការលូតលាស់ និងការរីករាលដាលនៃកោសិកាមហារីក ។
២.ព្យាបាលជំងឺទឹកនោមផ្អែម៖ គ្រាប់សាវម៉ាវត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់។ វាសម្បូរទៅដោយប្រូតេអ៊ីន, កាបូអ៊ីដ្រាត, ខា្លញ់មិនឆ្អែត, វីតាមីន C, ជាតិដែក, ផូស្វ័រ, ជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជួយការពារជាតិស្ករក្នុងឈាម។
៣.ជំរុញការរំលាយអាហារ៖ សាវម៉ាវអាចរួមចំណែកដល់ការរំលាយអាហារបានយ៉ាងល្អ ព្រោះជាតិសរសៃដែលមិនរលាយរបស់សាវម៉ាវ នឹងជួយបង្កើនល្បឿននៃការឆ្លងកាត់ពោះវៀន ក៏ដូចជាកាត់បន្ថយលទ្ធភាពនៃការទល់លាមករបស់អ្នកផងដែរ។
៤.បន្ថែមថាមពល៖ ក្នុងចំណោមសារធាតុចិញ្ចឹមដែលមាននៅក្នុងសាវម៉ាវដូចជា ទងដែង, ជាតិដែក ត្រូវបានប្រើដើម្បីផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស។សារធាតុទាំងនេះអាចជួយគ្រប់គ្រងរោគសញ្ញានៃការវិលមុខ និងអស់កម្លាំងដោយសារតែកង្វះឈាម។ លើសពីនេះ សារធាតុម៉ង់ហ្គាណែស ដែលមាននៅក្នុងសាវម៉ាវក៏អាចជួយផលិតអង់ហ្ស៊ីម ដែលជួយឱ្យអ្នកមានសុខភាពល្អ។
៥.ជួយបន្សាបជាតិពុលក្នុងខ្លួន៖ សារធាតុពុលដែលមាននៅក្នុងរាងកាយគឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យយើងងាយនឹងឈឺ។ ដូច្នេះ ផ្លែសាវម៉ាវជួយកម្ចាត់ចោលសារធាតុពុលចេញពីរាងកាយ និងជួយកម្ចាត់ចោលលោហធាតុធ្ងន់នៅក្នុងខ្លួនយើង៕
ប្រភព៖phuntoday.com










