លោក ហេង សុវិសាល ដែលជា Content Creator និង Influencers ល្បីឈ្មោះបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមិត្តភក្តិបានផ្តល់ដំណឹងថាមានរូបភាពលោកនៅលើការផ្សព្វផ្សាយល្បែងអនឡាញ។ ឆ្លៀតក្នុងឱកាសនេះលោក ហេង វិសាល បានប្រកាសថាគោលជំហរខ្លួនមិនទទួលផ្សព្វផ្សាយល្បែងអនឡាញ និងគ្រឿងស្រវឹងឡើយ។ លោកបានផ្តាំទៅក្រុមហ៊ុនល្បែងអនឡាញដែលយករូបភាពលោកទៅប្រើប្រាស់សូមលុបជាបន្ទាន់។
តារាល្បីឈ្មោះមួយចំនួនអាចក្បត់មនសិកាខ្លួនឯងដើម្បីផ្សព្វផ្សាយល្បែងអនឡាញ ស្របពេលដែលតារាមួយចំនួនបានប្រកាន់គោលជំហរយ៉ាងរឹងមាំមិនទទួលផ្សព្វផ្សាយទោះបីនិយោជកផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាដែលធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង។
នាព្រឹកថ្ងៃទី៣ តុលា នេះដែរលោក ហេង វិសាល ជា Content Creator និង Influencers បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីក្រុមហ៊ុនល្បែងអនឡាញហ៊ានយករូបលោកទៅធ្វើអាជីវកម្ម។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើរូបមួយមកខ្ញុំ ដែលមានរូបខ្ញុំនៅលើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនទាំងនោះបានហ៊ានយករូបភាពរបស់ខ្ញុំទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងស៊ីសងយ៉ាងនេះ បើឃើញសូមមេត្តាលុបចេញជាបន្ទាន់។ សម្រាប់ខ្ញុំផ្ទាល់ គោលការណ៍របស់ខ្ញុំគឺខ្ញុំមិនទទួលផ្សព្វផ្សាយ ល្បែងស៊ីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ អរគុណ!»។
លោក ហេង វិសាល បានបន្ថែមនៅក្នុងខម្មិនដែរថាលោកមានវិប្បដិសារីមកទល់ពេលនេះដោយសារតែប្រមាណ៤ ៥ឆ្នាំមុនលោកចូលរួមកម្មវិធីមួយដែលមានការឧបត្ថម្ភពីស្រាបៀរដោយភ្ជាប់ជាមួយវិស័យទេសចរណ៍។ «ខ្ញុំឃើញCommentរបស់អ្នកទាំងអស់គ្នា ខ្ញុំពិតជាសប្បាយចិត្តណាស់ ក៏ដូចជារអៀសខ្លួនដែរ ដោយសារតែកាលពី៤ ៥ឆ្នាំមុនខ្ញុំក៏ធ្លាប់បានចូលរួមជាមួយកម្មវិធីមួយដែលមានការឧបត្ថម្ភពីគ្រឿងស្រវឹង ក្នុងន័យផ្សព្វផ្សាយកន្លែងទេសចរណ៍ស្រុកយើង ប៉ុន្តែទោះក្នុងន័យណាក៏ដោយ តាំងពីពេលនោះមកខ្ញុំពិតជាមានវិប្បដិសារីមែនទែន ហើយពិតជាមានអារម្មណ៍ថាខុស។សូមទោស»។
ក្នុងនាមជាបុគ្គលមានឥទ្ធិពល ដែលប្រកាន់គោលជំហរដ៏ល្អនេះ លោក ហេង វិសាល ធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តព្រោះឃើញអាយដលរបស់ខ្លួនធ្វើជាគម្រូដល់ហ្វេនៗ៕










