រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ លោក ដូណាល់ ត្រាំ កំពុងតែហ៊ុមព័ទ្ធ ដោយសំណុំរឿងរាប់សិបករណី ហើយក្លាយជាអតីតប្រធានាធិបតីលើកដំបូង ប្រឈមមុខនឹងក្ដីក្ដាំងដ៏ច្រើនបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន គូប្រជែងបេក្ខភាពបោះឆ្នោតប្រធានាធិបតី នៅក្នុងគណបក្សសាធារណរដ្ឋរបស់គាត់ បានប្ដឹងទៅកាន់តុលាការ ទាមទារឲ្យបដិសេធនូវការឈរឈ្មោះជាថ្មីរបស់គាត់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣ ខែតុលា ថា ជាមួយនឹងសំណុំរឿងតាមផ្លូវច្បាប់ដ៏ច្រើន កំពុងតែរីករាលដាល ប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នោះ ក៏មានការអំពាវនាវឥតឈប់ឈរ កើតចេញពីគូប្រជែងរបស់គាត់ រួមទាំង ការអំពាវនាវមួយចំនួន មកពីគណបក្សសាធារណរដ្ឋរបស់គាត់ ទាមទារឲ្យតុលាការ ដកសិទ្ធិរបស់គាត់ មិនអនុញ្ញាតិឲ្យឈរឈ្មោះជាប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៤។ ប៉ុន្តែតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបដិសេធករណីមួយ ត្រូវប្ដឹងឡើង ដោយលោក ចន អេនថូនី កាស្រ្ដូ (John Anthony Castro) ជាគូប្រជែងមួយរូបរបស់លោក ដូណាល់ ត្រាំ នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីផ្សេងៗទៀត នៃគណបក្សសាធារណរដ្ឋ ដោយលើកឡើង ថា ដូណាល់ ត្រាំ គួរតែត្រូវដកសិទ្ធិចេញ ក្រោមបទប្បញ្ញត្តិ នៃធម្មនុញ្ញសហរដ្ឋអាមេរិក រារាំងដល់បុគ្គលណាមួយ ចូលរួមនៅក្នុងការបះបោរ ឬ បង្កភាពចលាចល នៅក្នុងការកាន់តំណែង។
បើទោះជាយ៉ាងណាក៏ដោយ តុលាការជាន់ទាបមួយរបស់សហរដ្ឋអាមេរិក ធ្លាប់រកឃើញ ថាលោក កាស្ត្រូ ខ្វះខាតជំហរតាមផ្លូវច្បាប់ នៅក្នុងការនាំរឿងក្ដីនេះបន្ដទៅមុខ ហើយតុលាការកំពូល បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់គាត់ ផងដែរ។
ដោយឡែក លោក ម៉ៃខ៍ ផែស៍ (Mike Pence) អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និង ជាបេក្ខជនឈរឈ្មោះប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ធ្លាប់លើកឡើង កាលពីពេលកន្លងទៅនេះ ថា លោក ត្រាំ ធ្លាប់សួរ អំពីជម្រើសត្រូវជ្រើសរើស រវាង គាត់ (ត្រាំ) និង រដ្ឋធម្មនុញ្ញ គួរត្រូវជ្រើសយកមួយណា។ គាត់បានឆ្លើយ ថា គាត់សុខចិត្តបោះបង់ចោលលោក ត្រាំ ហើយគាត់ដាច់ខាតត្រូវតែជ្រើសរើសយករដ្ឋធម្មនុញ្ញ។
លោកអនុប្រធានាបតីសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា ភាពវឹកវរ នៅក្នុងវិមានសភា Capitol ជាចេតនា ចង់ផ្ដួលរំលំជ័យជម្នះនាឆ្នាំ២០២០របស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី ដែលកំពុងតែកាន់អំណាច នាពេលបច្ចុប្បន្ននេះ។ ដូច្នេះអ្នករំលោភបំពានលើរដ្ឋធម្មនុញ្ញ និង ជាអ្នកប្រាប់គេឲ្យរំលោភរដ្ឋធម្មនុញ្ញ មិនគួរវិលមកឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក ឬ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក នោះឡើយ ព្រោះនៅសហរដ្ឋអាមេរិក មិនមានអ្នកណាម្នាក់ នៅលើពីលើច្បាប់នោះទេ៕










