ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជប៉ុនបានបង្ហាញមនុស្សយន្ត១គ្រឿងមានកម្ពស់រហូតដល់ជាង៤ម៉ែត្រ និងទម្ងន់៣តោនកន្លះ ។ ក្រុមហ៊ុនបានផលិតវាឡើងដោយចម្លងតាមមនុស្សយន្ត Gundam ដែលជាតួក្នុងខ្សែភាពយន្ត Animation ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ។ គេអាចចូលទៅអង្គុយនៅផ្នែកខាងក្នុងមនុស្សយន្ត និងបញ្ជាវាបាន ។
មនុស្សយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Tsubame Industries ដែលជាក្រុមហ៊ុនទើបចាប់ផ្តើមដំណើរការនៅទីក្រុងតូក្យូរបស់ជប៉ុន ហើយក្រុមហ៊ុនបានចំណាយពេលវេលារហូតដល់២ឆ្នាំក្នុងការផលិត ។ ក្រុមហ៊ុនបានដាក់ឈ្មោះមនុស្សយន្តថា «ARCHAX» ដែលឈ្មោះរបស់វា គឺដូចគ្នានឹងសត្វដាយណូស័រដែរ ។ រូបភាពផ្សេងៗនឹងបង្ហាញឡើងនៅក្នុងបន្ទប់អ្នកបញ្ជាមនុស្សយន្ត ដែលថតបានពីកាមេរ៉ាតភ្ជាប់ជាមួយផ្នែកខាងក្រៅ ដើម្បីឱ្យអ្នកបញ្ជាមនុស្សយន្តអាចបញ្ជាម្រាមដៃ និងដៃទាំងមូល តាមរយៈ Joystick ពីផ្នែកខាងក្នុងមនុស្សយន្ត ។
មនុស្សយន្ត ARCHAX បែងចែកការប្រើប្រាស់ជា២ផ្នែក គឺសម្រាប់ប្រើប្រាស់មុខងារជាមនុស្សយន្ត និងអាចធ្វើជាយានជំនិះបាន ដោយសារវាអាចធ្វើដំណើរបានចម្ងាយ១០គីឡូម៉ែត្រក្នុង១ម៉ោង ។
លោក រៀវ យ៉ូឈិតាក់ ប្រធានក្រុមហ៊ុន Tsubame Industries និយាយថា ៖ «គេអាចប្រើប្រាស់វានៅទីកន្លែងសង្គ្រោះ និងប្រើប្រាស់វានៅក្នុងអវកាសបាន ។ ក្រៅពីនេះ គេក៏បានយកវាទៅតាំងបង្ហាញជាសាធារណៈផងដែរ ។ យើងមានបំណងបង្ហាញមនុស្សយន្តជាច្រើនគ្រឿងទៀត ព្រោះយើងត្រូវការអភិវឌ្ឍន៍ឧបករណ៍ ដើម្បីឱ្យមនុស្សយន្ត១គ្រឿងអាចធ្វើការបានច្រើនផ្នែក» ។
ក្រុមហ៊ុនឱ្យដឹងថា មនុស្សយន្ត ARCHAX នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Japan Mobility Show នៅចុងខែតុលា ឆ្នាំ២០២៣នេះ ។ ក្រុមហ៊ុនបានដាក់គម្រោងលក់មនុស្សយន្តចំនួន៥គ្រឿងសម្រាប់អតិថិជនចាប់អារម្មណ៍ គឺមនុស្សយន្ត១គ្រឿងមានតម្លៃ៤០០លានយ៉េន ៕ ប្រភព ៖ TNN World










