តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី១ តុលា ឆ្នាំ២០២៣ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាម៉េរិកពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។ ខណៈរយៈពេល៩ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាម៉េរិក ពីការលក់បណ្ណដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។
គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០២២ រយៈពេលពេល៩ខែឆ្នាំ២០២៣នេះកម្ពុជាមានចំនួនភ្ញៀវទេសចរសរុបទិញបណ្ណមានការកើនឡើងដល់ ៣០២,២០% ហើយប្រាក់ចំណូលមានការកើនឡើង ៣៦៥,៤២ %។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,០៧៩,១២២ដុល្លារ ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕










