ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនធ្លាប់បានឮព័ត៌មានថា ក្មេងៗលេបវត្ថុចូលក្នុងពោះរបស់ពួកគេ ព្រោះតែពួកគេមិនដឹងក្តី ហើយពេលប្រទះឃើញវត្ថុអ្វី តែងព្យាយាមដាក់ចូលមាត់ទាំងអស់ រហូតដល់ឪពុក-ម្តាយត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ។ ប៉ុន្តែបុរសម្នាក់នេះមិនមែនក្មេងទេ ហើយគេមិនដឹងថា គាត់បានលេបវត្ថុចូលក្នុងពោះឬយ៉ាងណាទេ ព្រោះក្រោយពីវះកាត់រួច គ្រូពេទ្យបានប្រទះឃើញវត្ថុចំនួន១៥០ដុំក្នុងពោះរបស់គាត់ ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បុរសឥណ្ឌាម្នាក់អាយុ៤០ឆ្នាំ បានចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយសារគាត់ក្តៅខ្លួន ឈឺពោះ និងចង់ក្អួតចង្អោរ ហើយគាត់មានអាការៈបែបនេះជិត១ខែហើយ ។ វេជ្ជបណ្ឌិតបានណែនាំឱ្យគាត់ត្រួតពិនិត្យជំងឺ ហើយក៏ប្រទះឃើញវត្ថុលោហៈជាច្រើនក្នុងពោះរបស់គាត់ ។ ក្រោយមក គ្រូពេទ្យក៏បានបញ្ជូនគាត់ទៅវះកាត់ជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែគាត់ក៏បានស្លា.ប់នាពេលបន្ទាប់ ។
ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យបានប្រមូលវត្ថុចំនួន១៥០ដុំពីក្នុងពោះបុរសនេះ ក្នុងនោះមានដូចជា ខ្សែភ្លើង, ឡេវអាវ, ម្ជុលខ្ទាស់ និងវត្ថុរឹងជាច្រើនទៀត ។ លោកស្រី Ajmer Kalra ជានាយកមន្ទីរពេទ្យលើកឡើងថា វត្ថុជាលោហៈទាំងនេះបានបណ្តាលឱ្យគាត់ឆ្លងមេរោគធ្ងន់ធ្ងរក្នុងក្រពះអាហារ ។
លោកស្រី Ajmer Kalra នាយកមន្ទីរពេទ្យបន្តថា ខ្ញុំមិនធ្លាប់ឃើញស្ថានបែបនេះពីមុនមកទេ ក្នុងការហ្វឹកហាត់ជាច្រើនឆ្នាំ ។ កន្លងមក ខ្ញុំធ្លាប់បានឃើញសរសៃសក់ ឬវត្ថុតូចៗក្នុងពោះអ្នកជំងឺ ប៉ុន្តែការមានវត្ថុផ្សេងៗគ្នា១៥០ដុំក្នុងពោះបែបនេះ វាមិនធ្លាប់កើតឡើងចំពោះអ្នកជំងឺណាម្នាក់ទេ ។
ចំណែកក្រុមគ្រួសាររបស់អ្នកជំងឺប្រាប់ថា គាត់មានជំងឺរលាកក្រពះអស់រយៈពេលជាង២ឆ្នាំហើយ ប៉ុន្តែគាត់មិនធ្លាប់និយាយរឿងនេះឱ្យគ្រួសារស្តាប់ទេ ហើយធ្វើឱ្យគ្រួសារពិបាកយល់ពីស្ថានភាពជំងឺរបស់គាត់ ។ ក្រៅពីនេះ គ្រួសារបាននាំគាត់ទៅជួបគ្រូពេទ្យក្នុងតំបន់ជាច្រើនកន្លែង ប៉ុន្តែមិនអាចរកឃើញមូលហេតុបណ្តាលឱ្យគាត់ឈឺពោះ ។
ចុងក្រោយ អ្នកជំងឺក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ នៅពេលអាការៈជំងឺកាន់តែដុនដាប និងដេកមិនលក់ ។ គ្មានអ្នកណាដឹងថា អ្នកជំងឺបានលេបវត្ថុទាំងអស់ចូលក្នុងពោះដោយរបៀបណា និងដើម្បីអ្វីទេ ៕ ប្រភព ៖ 3Plus News










